ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ លុបចោលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានការដាក់ទោសប្រហារជីវិត ដោយបង្កើនការអប់រំ ដោយបញ្រ្ជាបគុណធម៌ សីលធម៌ កុំឲ្យពលរដ្ឋធ្វើ និងប្រព្រឹត្តិអំពើបាបតាមបែបតិរច្ឆាន

90


ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា កាលពីម្សិលមិញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ខ្ញុំបានទៅជួបសួរសុខទុក្ខចៅៗកុមារកំព្រា ដែលទទួលរងគ្រោះ ដោយការរំលោភបំពានរាងកាយ និងផ្លូវភេទយ៉ាងព្រៃផ្សៃ តាមបែបតិរច្ឆាន ជាពិសេសដែលបានប្រព្រឹត្តិឡើងដោយ ឪពុកបង្កើត, ជីតាបង្កើត, ពូ មា បង្កើត និង បងប្អូនបង្កើត ដែលបានធ្វើឲ្យខ្ញុំបានត្រិះរិះគិតថា តើយើងគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានការដាក់ទោសប្រហារជីវិតឡើងវិញឬទេ? សំណើកែប្រែរដ្ឋធម្មនុញ អំពីការដាក់ទោសប្រហារជីវិត គឺមិនអាចស្នើដោយនាយករដ្ឋមន្រ្តីតែម្នាក់ឯង ឬដោយសមាជិករដ្ឋសភាបានឡើយ ប៉ុន្តែគឺអាចធ្វើបានតាមរយៈការសុំធ្វើប្រជាមតិនៅទូទាំងប្រទេសតែម្តង។

សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនានេះថា អស់រយៈពេល១យប់ នឹងមកដល់ថ្ងៃនេះ មានបងប្អូនជនរួមជាតិជាច្រើន បានចូលមកផ្តល់ជាមតិយោបល់ (Comments) នៅក្នុងហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្ញុំ ភាគច្រើនបានគាំទ្រឲ្យមានទោសប្រហារជីវិត ចំពោះករណីខាងលើ រួមជាមួយករណីរំលោភសម្លាប់ផងដែរ។ ទន្ទឹមនឹងនោះ ក៏មានការវិភាគលើបញ្ហានេះ ដោយក្រុមអ្នកវិភាគដូចជា លោក សុខ សំអឿន, លោក អ៊ូ វីរៈ និង លោក សុខ ទូច ដែលបានបញ្ជាក់ថា កម្ពុជាបានលុបចោល មិនឲ្យមានទោសប្រហារជីវិត ជាយូរឆ្នាំមកហើយ។ ការដាក់ទោសប្រហារជីវិត ប្រសិនបើច្រឡំ ឬមានការថ្លោះធ្លោយណាមួយកើតឡើង គឺនឹងមានគ្រោះថ្នាក់ធំវិញទេ ហើយនឹងមានវិប្បដិសារីសោកស្តាយ អស់មួយជីវិតមិនខាន។ ប៉ុន្តែត្រូវតែកំណត់ទោស ទម្ងន់ទោសឲ្យបានធ្ងន់បំផុតចំពោះករណីខាងលើ។

សម្តេចតេជោ បានបញ្ជាក់ថា តាមពិតទៅ កម្ពុជាយើងបានលុបចោល “ទោសប្រហារជីវិត” តាំងពីជំនាន់អតីរដ្ឋកម្ពុជា ដែលពេលនោះយើង បានផ្លាស់ប្តូរពី សាធារណៈប្រជាមានិតកម្ពុជាមកម៉្លេះ។
នៅពេលនេះ ប្រទេសជាតិយើងបានឆ្លង មកដល់បរិបទថ្មីហើយ គឺយើងមិនដើរថយក្រោយទេ។ ដូច្នេះ ខ្ញុំសូមសម្រេចមិនចាំបាច់ស្នើ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញទេ។ ប៉ុន្តែខ្ញុំសូមដាក់ចេញនូវវិធានការដូចខាងក្រោមៈ
១)បង្កើនការអប់រំ ដោយបញ្រ្ជាបគុណធម៌ សីលធម៌ កុំឲ្យពលរដ្ឋធ្វើ និងប្រព្រឹត្តិអំពើបាបតាមបែបតិរច្ឆាន ដែលសង្គមទាំងមូលត្រូវតែចូលរួមទាំងអស់គ្នា។
២)ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់ ឲ្យបានតឹងរ៉ឹង និងហ្មឺងម៉ាត់បំផុត ចំពោះអំពើតិរច្ឆាននេះ ដោយផ្តន្ទាទោសយ៉ាងធ្ងន់បំផុត ដើម្បីកាត់បន្ថយ នឹងឈានទៅដល់ការលុបបំបាត់ ចោលទាំងស្រុង នៅនូវអំពើតាមបែបតិរច្ឆាននេះ ពីសង្គមជាតិយើង។

សុំអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់ជាគំនិត មតិ យោបល់ល្អៗ ដើម្បីសង្គមជាតិកាន់តែរីកចម្រើ ប្រកបដោយសេចក្តីថ្លៃថ្នូរ៕

អត្ថបទដែលជាប់ទាក់ទង