ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារីដែលដាច់ដៃចូលម៉ាស៊ីនកិនដី នៅសិប្បកម្មឥដ្ឋ សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា

159


ភ្នំពេញ: លោកអាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី១១មីនានេះថា ក្រុមការងារយើងបានទៅជួបក្មួយស្រី ឆេង ស្រីភក្រ័ ដែលកំពុងសម្រាក ព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា រួចហើយ និងបានប្រគល់ថវិកាជូនដល់ឪពុកម្តាយក្មួយស្ររួចហើយដែរ។

លោកស្នងការ បានបន្ថែមថា ស្ថានភាពក្មួយស្រីពេលនេះ បានប្រសើរ និងរួចរស់ជីវិតហើយ។ គ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ខ្លងណាស់ ។ សូមអរគុណបង ហ្សង់ទី នាយកមន្ទីរពេទ្យគន្ធបុប្ភាដែលបានអនុញ្ញាត ឲ្យក្រុមការងារចូលជួបយ៉ាងពិសេសផងដែរ។

លោកបានបន្តថា ដោយសារតែឃើញជីវភាពះ គ្រួសារក្មួយស្រីលំបាក ម៉្យាងស្ថានភាពបែបនេះ បានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា រំជួលចិត្តអាណិតដល់ក្មួយស្រីពន់ពេក មិនអាចទប់ទឹកភ្នែកបានឡើយ។ យើងខ្ញុំទាំងអស់គ្នា បានមូលមតិរួមវិភាគទាន តាមការស្ម័គ្រចិត្តចេញពីបេះដូងដើម្បីជូនក្មួយស្រី និងគ្រួសារសម្រាប់ប្រើប្រាស់ក្នុងការព្យាបាល ដោយ នាំយកថវិកា ចំនួន ៦.៩៣០.០០០ រៀល ដែលបានមកពីការចែករំលែករបស់សប្បុរសជន គ្រប់ទិសទីជូនដល់ក្មួយស្រី ឆេង ស្រីភក្រ័ ដែលកំពុងសម្រាក ព្យាបាលនៅបន្ទប់សង្គោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មីនា ២០១៩មានករណីក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋ បណ្តាលឲ្យដាច់អស់ដៃម្ខាងយ៉ាងអណោចអធម្ម ។ ហេតុការណ៍នោះកើត វេលាម៉ោង ៩:៣០នាទី ចំណុចសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ក្មួយស្រីឈ្មោះ ឆេង ស្រីភ័ក្រ ភេទ ស្រី អាយុ ៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមមករស់នៅជាមួយឪពុកម្តាយនៅឡឥដ្ឋ ។
ឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ ស្នាក់នៅឡឥដ្ឋ ។
ម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំជាមួយគ្នា។
សភាពនៃរឿងហេតុថា
រយៈពេល ៦ឆ្នាំ មកហើយ ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ-កូន បានមកស្នាក់នៅ ធ្វើការជាកម្មករឡឥដ្ឋ ឲ្យថៅកែឈ្មោះ លាង ស្រ៊ុន នៅភូមិព្រះ ប្រសប់ ឃុំព្រះប្រសប់។
នៅថ្ងៃទី ៩ មីនា ២០១៩ វេលាម៉ោង ៧:០០ នាទី ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ បានបញ្ឆេះម៉ាស៊ីនកិនឥដ្ឋ ដោយឈ្មោះ ឆេង ប៊ុនហំ ជាអ្នកចាក់ដីបោះចូលម៉ាស៊ីន ឯឈ្មោះ ឃឹម ចាន់ណា ជាប្រពន្ធ និងកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងរៀបឥដ្ឋដាក់លើរទះ។
លុះដល់វេលាម៉ោង ៩:៣០ នាទី ថ្ងៃដដែល ពេលឥដ្ឋពេញរទះ ឈ្មោះ ឆេង ប៊ុនហំ បានអូសរទះយកឥដ្ឋទៅរៀបហាលថ្ងៃ ពេលឈ្មោះ ឆេង ប៊ុនហំ កំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែឃើញកូនស្រីឈ្មោះ ឆេង ស្រីភក្រ័ ចូលដៃខាងស្តាំទៅក្នុងម៉ាស៊ីនកិនឥដ្ឋ ឃើញដូចនោះឈ្មោះ ឆេង ប៊ុនហំ និងកម្មករឡឥដ្ឋនៅក្បែរនោះបាននាំជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់មកមន្ទីរពេទ្យបង្អែកស្រុក បានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ និងព្យាបាល ៕

អត្ថបទដែលជាប់ទាក់ទង