កីឡាកាយវប្បកម្មរបស់កម្ពុជា ប្រកាសផ្អាកសកម្មភាពប្រកួត ទាំងស្រុង រង់ចាំចម្លើយពីក្រសួងអប់រំ
ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ប្រកាស សម្រេចចិត្តថា សហព័ន្ធនឹងផ្អាក រាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈ រង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន លើរង្វាន់ឧបត្ថម្ភលើកទឹកចិត្ត។
ពាក់ព័ន្ធនឹងករណីភាពមិនប្រក្រតីលើរង្វាន់ឧបត្ថម្ភលើកទឹកចិត្ត១២០លានរៀល លើកីឡាករ សំបូរ សុភ័ណ្ឌ ដែលដណ្តើមបានមេដាយមាសពីប្រទេសថៃ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១៩ បានចេញ សេចក្តីប្រកាសលើកទី២ ដោយបានបញ្ជាក់ថា ៗយើងខ្ញុំជាគណៈកម្មការប្រតិបត្តិ និងសមាជិកនៃខេមរៈសហព័ន្ធ កីឡាកាយវប្បកម្មនិងលំហាត់ប្រាណ មិនអាចទទួលយកបាន ចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលសារព័ត៌មាន ក្នុងស្រុកបានដកស្រង់សម្តី និងចុះផ្សាយ នាពេលកន្លងមក បាននិយាយថា “កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ គឺមានវិញ្ញាសាច្រើន រហូតដល់ទៅ៥១វិញ្ញាសា ហើយមេដាយខ្លះ ប្រកួតពីពីរទៅបីប្រកួត ក៏ទទួលបានមេដាយដែរ”។
សេចក្តីប្រកាសលើកទី២ បានបញ្ជាក់ថា “ហេតុនេះក្រសួងមិនបានចាត់មេដាយនេះ ជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀលនោះទេ ដោយក្រសួង បានប្រជុំប្រើប្រាស់ប្រកាសអន្តរក្រសួង ដោយផ្តល់ប្រាក់រង្វាន់ប្រមាណជា២០លានរៀលតែម្តង ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ។
បន្ថែមពីលើនេះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដដែល ក៏បានលើកឧទាហរណ៍ភ្ជាប់ទៅនឹងកីឡាប៉េតង់ផងដែរ ដែលជាប្រភេទកីឡាធ្លាប់ដណ្តើម បានមេដាយមាសពិភពលោកច្រើនជាងគេ ហើយតែងទទួលបាននូវប្រាក់រង្វាន់១២០លានរៀលពេញថា ប៉េតង់ទៅចូលរួមប្រកួតជើងឯកពិភពលោកម្តងៗ មានប្រទេសចូលរួមច្រើន ហើយវិញ្ញាសាត្រឹមតែ៣ទៅ៤វិញ្ញាសាប៉ុណ្ណោះ ទម្រាំដណ្តើមបានមេដាយមាស១ កីឡាប៉េតង់ត្រូវឆ្លងកាត់ការប្រកួតច្រើន តែបើធៀបនឹងកីឡាករសំបូរ សុភ័ណ្ឌ ដណ្តើមបានមេដាយខាងលើគឺខុសគ្នា ។”
បើតាមតែការបកស្រាយរបស់ឯកឧត្តម ស្តាប់មើលទៅហាក់ដូចជាឯកឧត្តម មិនបានសិក្សាឲ្យគ្រប់ជ្រុងជ្រោយ ពីរបៀបនៃការប្រកួតរបស់កីឡាកាយវប្បកម្ម នឹងធ្វើការតាមអារម្មណ៍ នឹកឃើញរបស់បុគ្គលខ្លួនឯង មិនយល់ពីរបៀបឲ្យពិន្ទុ ហើយហ៊ានវាយតម្លៃមេដាយមាសពិភពលោក ដែលយើងទទួលបានថាមិនពេញលេញ ចុះហេតុអ្វីបានប្រទេស៥០ផ្សេងទៀត គេឲ្យតម្លៃ បែរជាក្រសួងអប់រំកម្ពុជាយើង វាយតម្លៃថាមេដាយរបស់យើង មានលក្ខណៈមិនពេញលេញ ហើយទៅជាយកកីឡាមួយទៅប្រៀបធៀប ជាមួយកីឡាមួយទៀត ពិតណាស់កីឡាប្រភេទនីមួយៗ ពួកគាត់មានផលពិបាករៀងៗខ្លួន បើមិនដូច្នោះទេ គ្រប់គ្នាបានជើងឯកគ្រប់គ្នាហើយ ដែលហៅថាម្ចាស់ពានឯក នោះគាត់តែម្នាក់ឯង។
ត្រឡប់មកវិញ ជាមួយកីឡាករព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួម ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១០ (10th WBPF World Bodybuilding and Physique Sports Championships And Congress 11th – 17th December 2018) នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៨ កីឡាករកម្ពុជាមានចំនួន៥រូប ក្នុងនោះកីឡាករ បានចូលរួមប្រកួតលើវិញ្ញាសា ខុសៗគ្នាទាំងអស់ សូមបញ្ញាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្ម ក្នុងមួយឆ្នាំ មានតែ៣ដងប៉ុណ្ណោះ ក្នុងនោះរួមមាន កម្រិតអាស៊ីអាគ្នេយ៍ (៨-១០ប្រទេសចូលរួម) កម្រិតអាស៊ី (៣០-៣២ប្រទេសចូលរួម) និងកម្រិតពិភពលោក (៤៥-៥២ប្រទេសចូលរួម) ក្រុមកីឡាករកម្ពុជា ក៏មិនបានទៅចូលរួមប្រកួតដោយចិត្តឯង ឬត្រឹមសហព័ន្ធទេ យើងបានស្នើសុំលិខិតឧទ្ទេសនាម ត្រឹមត្រូវតំណាងឲ្យជាតិ ដើម្បីបង្ហាញមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ លើវិស័យកីឡាប្រភេទនេះ ថាយើងក៏អាចធ្វើបានដូច ប្រទេសដទៃទៀតដែរ។ ចំពោះកីឡាកាយវប្បកម្ម មិនមានច្រើនទេ ដែលបានកាន់មេដាយមាស និងសឡេងភ្លេងជាតិ នៅលើឆាកអន្តរជាតិ បន្លឺឡើងនៅមុខប្រទេសជាច្រើន។
សូមសាធារណជន ពិចារណាមើលថាតើសមហេតុផលទេ ដែលក្រសួងធ្វើការបកស្រាយដូចខាងលើ អ៊ីចឹងហើយពួកយើងខ្ញុំ ជាសមាជិកសហព័ន្ធទាំងអស់ សម្រេចចិត្តថា សហព័ន្ធនឹងផ្អាករាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈរង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។
សូមរំលឹងឡើងវិញថា នៅក្នុងជំនួបរវាងសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្តាប់ការពន្យល់ និងបកស្រាយរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡាពាក់ពន្ធនិងប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានបាត់បង់ ពេលនោះសហព័ន្ធទទួលការពន្យល់ពីថ្នាក់ដឹកក្រសួង តំណាងដោយ ឯកឧត្តម សុខ សប្បាយណា និងឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តែសហព័ន្ធមិនទាន់យល់ព្រម ទទួលយកប្រាក់រង្វាន់លើកទឹកចិត្តចំនួនត្រឹមតែ២០លានរៀលទេ ដោយខាងភាគីក្រសួងថា នឹងមានការស្នើសុំគោលការណ៍ សារជាថ្មីទៅថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំ និងក្រសួងពាក់ពន្ធ ក៏ដូចជាសម្តេចអគ្គមហាសេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមុនសិន យើងក៏បានយល់ព្រមរង់ចាំចម្លើយដែរ រហូតមកដល់ពេលនេះ ខាងសហព័ន្ធមិនទាន់បានទទួលចម្លើយ ឬដំណោះស្រាយណាមួយ ពីក្រសួងក៏ដូចជា អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៅឡើយ។
សហព័ន្ធមើលឃើញថា ក្រសួងមិនឲ្យតម្លៃដល់សហព័ន្ធ និងកីឡាករកាយវប្បកម្មទេ តើពួកយើងប្រឹងប្រែងដើម្បីអ្វីទៀត? សមាជិកគណៈកម្មការរបស់ខេមរៈសហព័ន្ធ គឺសុទ្ធសឹងតែមានសាវតារជាកីឡាករសុទ្ធសាធ ដូចនេះរាល់ការនិយាយ គឺចេញពីបេះដូងកីឡាករដូចគ្នា កីឡាករទើបយល់ពីអារម្មណ៍របែបនេះ។
សហព័ន្ធមានការអត់ធ្មត់ជាខ្លាំងទាំងសមាជិក និងកីឡាករ ព្រមទាំងអ្នកគាំទ្រ ចាប់តាំងពេលប្រកួតបានជ័យលាភីជូនជាតិ រហូតដល់ចេញលិខិតប្រាក់រង្វាន់ សហព័ន្ធតំណាងដោយលោកអគ្គលេខាធិការ តឹក ប៊ុនវី ស្នើសុំជួបឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ធ្វើការបកស្រាយ និងពន្យល់បន្ថែមពីប្រាក់រង្វាន់លើកទឹកចិត្ត តែឯកឧត្តមមិនទទួលជួបក្រុមយើងឡើយ ក្រុមយើងចង់បញ្ជៀសណាស់ ចំពោះព័ត៌មានអវិជ្ជមានទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់មានបាតុភាពកីឡាករ គាត់ចេញសារជាសារណៈខ្លួនគាត់ ទើបក្រសួងកោះអញ្ជើញ ក្រុមការងារសហព័ន្ធទៅជួបបន្ទាន់។ សួរថាតើធ្វើចឹងធ្វើអី ចង់ល្បីណាស់មែនទេ? ចង់បង្ហាញពីកំសោយ នៃការដឹកនាំរបស់ខ្លួន ដល់ពិភពលោកមែន?
សហព័ន្ធ ក៏ដូចជាកីឡាករ កំពុងរង់ចាំចម្លើយ និងដំណោះស្រាយពីក្រសួងបន្តទៀត….
សូមជួយចែករំលែក ដល់មហាជនបានជ្រាបផង”។
ចំណែកក្លឹបសាច់ដុំរតនគិរី បានសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៩នេះថា “ជីវិតអ្នកសាច់ដុំ គ្មានអីក្រៅពីទ្រូងមាន់ និងពងមាន់នោះទេ ខំថាហាត់ៗទៅ ខ្លាចមានវាសនា ដើម្បីទៅប្រកួតដណ្តើមមេដៃ ក្រៅប្រទេស ដូចលោកគ្រូ សំបូរ ណាន ឥឡូវដល់ពេលប្អូនប្រុស Suphorn Sombo ប្រកួតបានមេដៃមាស លំដាប់ថ្នាក់ពិភពលោក ហើយអស់លោកក្រសួង និយាយខ្វះការគិតសិទ្ធិតែឈរៗ បានមេដៃហួសចិត្តម៉ង មិនដឹងត្រូវយាយថាម៉េច កីឡាករស្ទើរតែយកជីវិត ទៅប្តូរដើម្បីប្រទេសជាតិ។ បានមេដៃហើយអស់លោក និយាយស្រេចតែមាត់ អស់លោក ថាមេដៃមិនពេញលេញទៀត និយាយនឹងមានយកខួរក្បាល មកគិតអត់នឹង។ តើខ្ញុំគួរបន្តដើម្បីអ្វីមានតែបន្ត ដើម្បីខ្លួនឯងមែនទេ អ្នកដែលស្រឡាញ់ Gym ទាំងអស់គ្នា (RIP កាយវប្បកម្ម)”៕