ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញជំរុញឲ្យមានការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានល្អប្រសើរ

250

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ខែមិនាឆ្នាំ២០១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងកងកំលាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងសន្តិសុខ ការរៀបចំសណ្ដាប់ធ្នាប់ និងជម្រុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

   លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់គឺជារឿងសំខាន់មួយដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាទៅតាមការដាក់ចេញរបស់ក្រសួងមហាផ្ទៃ ទប់ស្កាត់ អំពើចោរកម្មចោរលួចចោរប្លន់  ដោយត្រូវដាក់កម្លាំង នៅតំបន់ដែលមានបញ្ហាស្មុកស្មាញ ហើយបញ្ហាការជួញដូរមនុស្ស ក៏ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់លើបញ្ហានេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរនិងសមត្ថកិច្ចរបស់យើង។

   លោក បញ្ជាក់ថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនេះគឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពរដ្ឋត្រូវតែយកចិត្តទុកដាក់រួមគ្នាដើម្បី ការងារនេះឱ្យបានល្អប្រសើរឡើង ទោះបីការងារ មួយចំនួនយើងអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយក្តី។

    ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ លោកឃួងស្រេង ក៏បានរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ដោយត្រូវចាត់ក្រុមមន្ត្រីចុះធ្វើការត្រួតពិនិត្យនៅតំបន់ ដែលងាយនិងមានការកកស្ទះចរាចរណ៍ ដោយយើងដាក់កម្លាំងដើម្បីដោះលើបញ្ហាកកស្ទះចរាចរណ៍នេះ ហើយបើនៅខណ្ឌណាមានកម្លាំងមិនគ្រប់ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញដើម្បីឲ្យ អាជ្ញាធររាជធានីចាត់វិធានការបន្តទៀត។ ជាមួយគ្នានេះដែរយើងនឹងរៀបចំផ្លូវមួយចំនួនទៅជាផ្លូវឯកទិសឲ្យបានច្រើនបំផុត ផ្តល់លទ្ធភាពឲ្យរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈអាចធ្វើចរាចរណ៍បានលឿនបម្រើទៅតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះការសង់រូបបុណ្យ រោងការនៅលើផ្លូវសាធារណៈគឺអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើការណែនាំដាច់ខាត មិនឲ្យពួកគាត់សាងសង់រោងនៅលើទ្រូងផ្លូវបិទការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើយ។

  ពាក់ព័ន្ធនឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋលោកឃួងស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយក៏ដល់ពេលដែលយើងត្រូវវះយកសាច់ស្អុយចេញ គឺមិនឲ្យមានការយកលុយក្រៅច្បាប់កំណត់នោះទេ។

  ក្នុងកិច្ចប្រជុំនោះដែរ លោកឃួងស្រេង ក៏បានណែនាំនិងជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធការបង្ការគ្រោះអគ្គិភ័យអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែល អាកាសធាតុពេលនេះមានការប្រែប្រួលនិងក្តៅខ្លាំង ហើយនៅតំបន់មួយចំនួនក៏ទទួលរងនូវការឆាបឆេះដោយអគ្គីភ័យដែរនោះ៕

 

   

 

អត្ថបទដែលជាប់ទាក់ទង