តុលាការបង្គាប់ការឃុំខ្លួនឧកញ៉ា គិត ធាង
(ភ្នំពេញ) ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ការឃុំខ្លួនលោកឧកញ៉ា គិត ធាង នារសៀលថ្ងៃទី១២មីនានេះ ក្រោយការឃាត់ខ្លួន និងសាកសួរជាច្រើនម៉ោង ។
លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ដើម្បីរង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី ។
លោកឧកញ៉ា គិត ធាង បានរងការឃាត់ខ្លួននៅរសៀលថ្ងៃទី១១ មីនា ក្រោយប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជម្រុញរកមេខ្លោងជួញដូរគ្រឿងញៀន បន្ទាប់ពីករណីបង្ក្រាបអំពើជួញដូរគ្រឿងញៀនដ៏ធំក្នុងក្លឹបកំសាន្ត Rock ជាមួយការចាប់ខ្លួន មនុស្ស៣១១នាក់ និងគ្រឿងញៀនជិត៥០គីឡូក្រាម កាលថ្ងៃទី ២៣ កុម្ភៈ ។
មន្ត្រីតុលាការបានថ្លែងថា ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ៕