ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock ត្រូវតែធ្វើអោយហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ

92

ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock នៅសៀលថ្ងៃទី ១២ កុម្ភះ ២០១៩ ។

ថ្មីៗនេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។ ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។ ករណី ROCK ត្រូវជីក ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកអោយជ្រៅ រកអោយឃើញ។ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។

ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែអោយ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចអោយរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទារទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើអោយហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាលពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចក្នុងការ បោសសំអាតមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងផ្នែកឯកជនផងដែរ ដែលបំផ្លាញសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំបង្ហោះតាម Facebook នៅពេលដែលដកឧត្តមសេនីយ៍មួយនៅខេត្តរតនគិរី។ ខ្ញុំថា ខ្ញុំសម្រេចចិត្តដោយការឈឺចាប់ ដោយអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់។ បន្ទាប់ទៅដកដោយមិនឲ្យដឹងខ្លួនជាមុន នៅអភិបាលរងខេត្ត២រូប។ នេះត្រូវតែយកខ្សាច់នឹងគ្រួសចេញពីស្បែកជើង ទើបដើរទៅមុខទៀតបាន។ ខ្ញុំបានបន្ថែមថា ពេលនេះខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ ក្រឡាតក៏វ៉ៃ រុយក៏វ៉ៃ ហ្អែងតែបំផ្លាញដល់សង្គម វ៉ៃហ្អែងទាំងអស់ហ្នឹង។ អីចឹងទេអត់មានថា វ៉ៃអាតូចអត់វ៉ៃអាធំនោះទេ។ ដំរីក៏វ៉ៃ ខ្លាក៏វ៉ៃ ក្រពើក៏វ៉ៃ អារុយក៏វ៉ៃ អាស្រកើចក៏វ៉ៃ វ៉ៃទាំងអស់ បើមិនដូច្នេះមិនរាងចាលទេ រីកទៅៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងប្រើប្រាស់ពេលវេលានេះ ដើម្បីអនុវត្តន៍អភិក្រមវះកាត់ទាំងផ្នែករដ្ឋបាលសាធារណៈ និងផ្នែកឯកជនណាដែលរកស៊ីមិនត្រឹមត្រូវ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនមានការរើសអើងឡើយ។

សម្តេចតេជោ ក៏បានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបញ្ហាគ្រឿងញៀន ឲ្យបានយ៉ាងសកម្មដែលមានបង្ក្រប់ក្នុងក្លិបកម្សាន្ត និងសណ្ឋាគារជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានអនុវត្តន៍អភិក្រមទី៥ គឺវះកាត់លើកមន្ត្រីរដ្ឋាភិបាលមួយចំនួន កាលពីពេលថ្មីៗនេះ សម្តេចបានដកមេអាវុធហត្ថខេត្តរតនគិរី និងអភិបាលរងខេត្តព្រះសីហនុ២រូប រួមទាំងមានផ្នែកឯកជន ដែលឈានដល់ការចាប់ខ្លួនឧកញ៉ា គិត ធាង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនផងដែរ។


អត្ថបទដែលជាប់ទាក់ទង