ពន្ធដារ ប្រមូលចំណូល បានជាង៣៥៨លានដុល្លារ នៅក្នុងខែមករា និងខែកុម្ភៈ
ភ្នំពេញ៖ អគ្គនាយកពន្ធដារ បានប្រាប់ថា ខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១.៤៣៤,៩១ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥៨,៧៣ លានដុល្លារអាមេរិក ស្នើនឹង ១៥,៦៨ភាគរយ នៃផែនការប្រចាំឆ្នាំ ។
សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ នៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាន នាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងកិច្ចប្រជុំនោះ លោកប្រធានអង្គប្រជុំ បានបង្ហាញថា ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១.៤៣៤,៩១ ប៊ីលានរៀល (ប្រមាណ ៣៥៨,៧៣ លានដុល្លារអាមេរិក) ស្មើនឹង ១៥,៦៨ភាគរយ នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល២ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ១៧៤,៥៨ ប៊ីលានរៀល (ប្រមាណជា ៤៣,៦៤ លានដុល្លារអាមេរិក) ស្មើនឹង១៤ភាគរយ។
ទន្ទឹមនឹងនេះ លោកអគ្គនាយកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឲ្យបានលើសផែនការ ឲ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖ បន្តពង្រឹងការអនុវត្ត និងផ្សព្វផ្សាយ ដល់អ្នកជាប់ពន្ធអំពីការ ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រង ការបង្វិលសង និងការប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម Online-VAT Refund and Online-VAT Credit ឱ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។ បន្តអនុវត្តនិងធ្វើការផ្សព្វផ្សាយបន្ត ឱ្យបានទូលំទូលាយ នូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព។ ស្នើនាយកដ្ឋានពាក់ព័ន្ធ និងសាខាពន្ធដារខេត្ត-ខណ្ឌ ជាអង្គភាពគ្រប់គ្រងផ្សព្វផ្សាយ ជំរុញ និងពង្រឹងការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៨។ ស្នើនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការពិនិត្យសិក្សា ដើម្បីរៀបចំនីតិវិធីចុះបញ្ជីពន្ធដារ ដោយមានមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចុះផ្ដល់សេវាផ្ទាល់ នៅតាមសាខាពន្ធដារខេត្ត សំដៅពន្លឿន និងជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវា ចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ។ ជំរុញនិងពន្លឿនការរៀបចំសេចក្ដីព្រាង បទដ្ឋានគតិយុត្តនានា ដើម្បីឆ្លើយតបនឹងសំណើសុំ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងពន្ធដារ របស់ផ្នែកឯកជន សំដៅជួយសម្រួល ដល់ការបំពេញកាតព្វកិច្ចសារពើពន្ធ របស់អ្នកជាប់ពន្ធ៕