កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ចាប់ផ្តើមលំហាត់នាគមាសឆ្នាំ២០១៩
ភ្នំពេញ ៖កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ បាននិងកំពុងបើក លំហាត់នាគមាស ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែន ជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ជិតព្រំដែនវៀតណាម ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្ដមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xia ng) នាយរងសេនា ធិការកងទ័ពជើងគោក តំបន់យោធ ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ ធ្លាប់បានបញ្ជាក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើក “លំហាត់នាគមាស ឆ្នាំ២០១៩” រយៈពេល ២៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ នេះគឺជាលំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦មក។
លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ២០១៩ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
ពិធីបើកលំហាត់ នាគមាស ឆ្នាំ២០១៩ ធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លំហាត់ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១៦៨៥នាក់។
ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។
អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាចក្រ អាវុធគាំទ្រពីលើអាកាស ជាដើម
សូមបញ្ជាក់ថា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ហ្វេង ហ្ស៊ាង (Feng Xiang) នាយរងសេនាធិការកងទ័ពជើងគោក តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ជាច្រើនរូប ដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួន ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕