ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេ នាពេលអនាគត

100


កោះកុង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេ នាពេលអនាគត ក្រោមហិរញ្ញប្បទានរបស់កូរ៉េខាងត្បូង។ គោលនយោបាយតភ្ជាប់ ក៏ជាជោគជ័យ សម្រាប់ការអភិវឌ្ឍ នៅខេត្តកោះកុង ក្នុងនោះ សម្តេចបានស្នើសុំដោយផ្ទាល់ទៅភាគីថៃ ឲ្យជួយសាងសង់ផ្លូវជាតិលេខ៤៨។

នៅព្រឹកថ្ងៃពុធទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ១៣៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មហិច្ឆតារបស់សម្តេច មិនត្រឹមតែតភ្ជាប់ខេត្តកោះកុង ទៅព្រះសីហនុ នឹងទៅភ្នំពេញនោះ គឺនឹងសាងសង់ផ្លូវតភ្ជាប់កោះកុង ទៅតំបន់ថ្មដានៅខេត្តពោធិ៍សាត់ នឹងទៅខេត្តបាត់ដំបង និងប៉ៃលិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ប្រាប់ ដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកោះកុងថា នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវហាយវេ (Hight Way) ដ៏សំខាន់មួយសម្រាប់បម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋយើង ដែលផ្លូវនេះ នឹងត្រូវស្ថាបនាឡើង ដោយជំនួយសាធារណរដ្ឋកូរ៉េ។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏មានផ្លូវចេញពីខេត្តកោះកុង ទៅតំបន់ ថ្មដា នៃខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងទៀតផង ដើម្បីឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋយើង កាន់តែងាយស្រួល និងចំណេញទាំងពេលវេលា និងថវិកា ។

សម្តេចតេជោ បានបន្ថែមថា បន្ទាប់ពីការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ រួចហើយនោះ គឺកម្ពុជា បានកំណត់ដាក់ចេញ នូវយុទ្ធសាស្ត្រពីរសំខាន់គឺ ១)ការប្រែក្លាយតំបន់អតីតសមរភូមិក្តៅ ទាំងអស់ ឲ្យទៅជាតំបន់ទីផ្សារ និងតំបន់អភិវឌ្ឍ និង ២) ការប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាង ឲ្យទៅជាតំបន់ដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ ចំពោះប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកោះកុងទាំងអស់ ដែលពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មិនឲ្យយកប្រាក់ ពីប្រជាពលដ្ឋក្នុងការធ្វើដំណើរ តាមស្ពានកោះកុងនេះ តទៅទៀតដែល នេះជាការរួមចំណែក ក្នុងការកាត់បន្ថយការចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះក្មួយៗកម្មករ កម្មការិនី និង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកោះកុង ក៏ដូចប្រជាពលរដ្ឋ រស់នៅទូទាំងប្រទេស ដែលបានចូលរួម បោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីចូលរួមអនុវត្តទៅ តាមលទ្ធិប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតេជោ នៅតែបន្តចុះជួបសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺសម្តេចតេជោ មិនទៅណាចោលប្រជាពលរដ្ឋកម្ពុជានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង