ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្ដល់ជាង២សែនដុល្លារអាមេរិក សម្រាប់កែលម្អ ផ្លូវថ្នល់ និងសាងសង់បរិក្ខាសាលាមត្តេយ្យ

106


ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន 275.296 ដុល្លារអាមេរិក ដល់អង្គភាពចំនួន 3 ក្រោមគ្រោងការណ៍ នៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានាថ្ងៃទី 15 ខែមីនានេះ ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង 3 មកពីខេត្តកំពត និងខេត្តក្រចេះ។

លោកហូរីណូ អ៊ុជិហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 នៅស្ថានទូតជប៉ុន។ លោកឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូចមនុស្សជាតិ គូសាណូណិនៅថ្ងៃនេះ។ លោកបានថ្លែងថា គម្រោងទី 1 សម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ 1០6.000 ដុល្លារអាមេរិក សម្រាប់ការកែលម្អផ្លូវថ្នល់ ក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនប្រមាណ 156.00០ អ្នកក្នុងតំបន់។ ខ្ញុំសង្ឃឹមថា ផ្លូវថ្នល់ដែលកែលម្អនេះ នឹងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋាន មានភាពរស់រវើកឡើងវិញ តាមរយៈមធ្យោបាយធ្វើដំណើរដែលល្អប្រសើរ ទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ផ្សេងៗ ។ គម្រោងទី 2 សម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាប្រមាណ 82.000 ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពានបេតុង ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ យើងរំពឹងថា ប្រជាជនក្នុងតំបន់ប្រមាណ៣.៨០០នាក់ នឹងអាចទទួលបានផ្លូវដែលមានសុវត្ថិភាពជាងមុន ទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ផ្សេងៗទៀត ។ គម្រោងចុងក្រោយ សម្រាប់អង្គការ Planet Enfunts and Developement រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ ៨២.០០០ ដុល្លារអាមេរិក សម្រាប់ការសាងសង់បរិក្ខាសាលាមត្តេយ្យចំនួន 8 ក្នុងស្រុកចំនួនពីរនៅខេត្តកំពត។ គម្រោងនេះ ត្រូវគេរំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់កុមារប្រមាណ 270 នាក់ ក្នុងតំបន់។ ខ្ញុំសង្ឃឹមថា បរិក្ខាសាលាមត្តេយ្យដែលត្រូវបានកែលម្អ នឹងរួមចំណែកដល់ការផ្ដល់ ឲ្យកុមារនៅការចូលរៀន ប្រកបដោយនិរន្តរភាព និងគុណភាព ដល់មត្តេយ្យអប់រំ។
សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅកម្ពុជានៅឆ្នាំ 1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដូចជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួន ដូចជាភាពក្រីក្រ ភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូរ របស់ពួកគេ ក៏ដូចជាជួយជម្រុញ នូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍។ ចាប់ពីឆ្នាំ 1991 រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង 60 លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន 612 គម្រោង នៅទូទាំងប្រទេសកម្ពុជា។

លោកហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានថ្លែងថា ជំនួយខាងលើនេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការតភ្ជាប់ផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំទទុង ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំខាងលើ ក្នុងការធ្វើដំណើរឆ្លងកាត់ ទៅមកទីប្រជុំជននានា ក៏ដូចជាការដឹកជញ្ជូនកសិផល ដែលបានដាំដុះរួច ទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្ស ទៅកាន់សាលារៀន។ ជាថ្មីម្ដងទៀត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល ជាពិសេសប្រជាពលរដ្ឋរស់នៅឃុំទទុង សូមធ្វើការធានាថា សមិទ្ធផលថ្មី ដែលនឹងចាប់កំណើត នាពេលខ្លីខាងមុខនេះ ត្រូវបានទទួលជោគជ័យ និងត្រូវបានថែទាំគ្រប់គ្រង ដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

លោកលឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានថ្លែងថា ជំនួយខាងលើ មានសារសំខាន់ខ្លាំងណាស់ ក្នុងការតភ្ជាប់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ព្រែកទេរ មកផ្លូវជាតិលេខ 7 និងទីរួមខេត្ត។ ក្នុងការមកកាន់ទីផ្សារ សេវាសុខភាព សេវាអប់រំ ជាពិសេសការដឹកជញ្ជូន កសិផលផ្សេងៗ។ លោកក៏បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយនិងគាំទ្រ ដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយក៏បានអរគុណជាខ្លាំង សម្រាប់ការជួយគាំទ្រ ទៅលើគម្រោងសាងសង់ស្ពានបេតុងមួយកន្លែង ប្រវែង 15 ម៉ែត្រ កម្ពស់ 7 ម៉ែត្រ និងទទឹង 6 ម៉ែត្រ ស្ថិតនៅក្នុងភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកស្រី ណាតាលី ឌុយប៉ង់ ប្រធានប្រចាំប្រទេសអង្គការពិភពកុមារ និងអភិវឌ្ឍន៍ បានថ្លែងថា ជំនួយរបស់ប្រទេសជប៉ុន ក្រោមគម្រោងគូសាណូណិ ដើម្បីសាងសង់អគារមត្តេយ្យសិក្សាចំនួន 8 កន្លែង ស្មើនឹង 10 ខ្នង ដែលស្ថិតនៅក្នុងភូមិដាច់ស្រយាល នៃខេត្តកំពត។ អ្នកស្រី បានបន្តថា ពិតណាស់ វិស័យកុមារតូចបច្ចុប្បន្ន គឺជាទិសដៅអាទិភាពសម្រាប់ប្រទេសជាច្រើន លើសកលលោក ដោយសារវា គឺជាការអភិវឌ្ឍសក្កានុពល ពេញលេញរបស់កុមារតូចតាំងពីវ័យតូច និងមានផលជាវិជ្ជមាន ទៅដល់ការចូលរួមរបស់ពួកគាត់ ក្នុងការលូតលាស់របស់សង្គមនា ពេលអនាគត នៅពេលដែលពួកគាត់ពេញវ័យ។ កម្ពុជាបានច្បាស់ពីសារសំខាន់នេះ ហើយបានដាក់ចេញនូវផែនការ សកម្មភាព វិស័យកុមាររបស់ខ្លួន សម្រាប់ឆ្នាំ 2019 -2023 ។ ឱកាសសម្រាប់កុមារគ្រប់រូប បានចូលរៀននៅមត្តេយ្យសិក្សា ចាប់ពីអាយុ 3ឆ្នាំ គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅសំខាន់ៗ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកុមារ ទទួលបានការសិក្សា ដ៏ចាំបាច់ នឹងឈានទៅបឋមសិក្សា ដោយជោគជ័យ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា។ យោងតាមអនុក្រឹត្យលេខ 245 របស់រាជរដ្ឋាភិបាលកម្ពុជា យើងជឿជាក់ថា ក្រុមប្រឹក្សាឃុំ និងទទួលខុសត្រូវ ក្នុងការប្រើប្រាស់គ្រប់គ្រង អគារមត្តេយ្យសិក្សា ប្រកបដោយនិរន្តរភាព និងលើសពីនេះទៀត ត្រូវសិក្សាក្រោមជំនួយថវិកា ពីគម្រោងគូសាណូណិ និងមានលទ្ធភាពខ្ពស់ ក្នុងការវាយតម្លៃជាមត្តេយ្យស្តង់ដារអប្បបរមា ពីក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តដាក់បញ្ចូលជាគ្រឹះស្ថានសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង