ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជំនាញត្រូវការហ្វឹកហ្វឺនក្មេងទាំង១៣នាក់ឲ្យចេះមុជទឹក មុនយក ចេញពីរូងភ្នំ ត្រូវប្រើពេលខ្ទង់សប្តាហ៍

116

(បាងកក)៖ បើតាមក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះ យ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផងដែរ ទើបអាចយកក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ចេញពីរូងភ្នំនេះបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨។

ក្មេងទាំង ១២នាក់ នោះមានអាយុចន្លោះពី ១១ឆ្នាំ ទៅ ១៦ឆ្នាំ និងគ្រូបង្វឹកពួកគេមានអាយុ ២៥ឆ្នាំ បានរងអការៈហេវហត់អស់កម្លាំង ដោយសារតែបានជាប់ខ្លួនក្នុងរូងភ្នំ គ្មានចំណីអាហារ និងរស់នៅក្នុងបរិស្ថានមិនល្អអស់រយៈកាល ០៩ថ្ងៃ ហើយទោះបីជាក្រុមសង្គ្រោះបានរកឃើញពួកគេក៏ដោយ ក៏ក្រុមសង្គ្រោះត្រូវធ្វើការបំប៉នសុខភាពពួកគេសិន និងហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជទឹកនានា) ទើបអាចយកចេញពីរូងភ្នំ ថាំលួង នោះបានជោគជ័យ ដែលគេប៉ាន់ស្មានថា យ៉ាងហោចណាស់ក៏ត្រូវប្រើពេល ឈានចូលដល់សប្តាហ៍ផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មានផ្លូវការរបស់រដ្ឋថៃបានចេញផ្សាយថា ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះជនជាតិអង់គ្លេស រកឃើញកាលពីវេលាម៉ោងប្រមាណ ១០៖២៥នាទីយប់ថ្ងៃអង្គារ ដោយពួកគេនៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពហេវហត់បំផុត ស្ទើរតែបើកភ្នែកមិនរួចឡើយ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាលព្រមទាំងប្រជាជនថៃទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំបានចែកចាយព័ត៌មានដ៏រីករាយនេះ និងបាន Live ជាវីដេអូទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង