អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបាននូវលើកទឹកចិត្ត និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការពុះពារក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ: ក្រសួងបរិស្ថាន នៅថ្ងៃទី១៥មីនា បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ទទួលបាននូវលើកទឹកចិត្ត និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះការពុះពារក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពដែលអង្គការនេះបានធ្វើអស់ជាច្រើនឆ្នាំមកហើយ។ ការលើកទឹកចិត្តធ្វើឡើងតាមរយៈការបន្ធូរបន្ថយពន្ធលើសេវាដែលបម្រើឱ្យការងារអភិរក្ស។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចផ្តល់ការអនុគ្រោះពន្ធហោះហើរពិសេសលើសេវាដឹកជញ្ជូនតាមរយៈផ្លូវអាកាសដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលត្រូវជួលសេវាហោះហើរឧទ្ធម្ភាគចក្រផ្ទៃក្នុងប្រទេសដើម្បីអនុវត្តគម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវ៉ាញខាងត្បូងដោយសហការជាមួយនឹងក្រសួងបរិស្ថាន សំដៅតាមដាន និងពិនិត្យស្ថានភាពតំបន់ការពារធម្មជាតិដែលផ្តល់នូវប្រយោជន៍ដល់ការការពារ ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ។ ការអនុគ្រោះពន្ធនេះធ្វើឡើងតាមរយៈសំណើរបស់ក្រសួងបរិស្ថាន បន្ទាប់ពីបាន ទទួលស្គាល់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។
គួររំឭកថាគោល នយោបាយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦ បានផ្តោតជាសំខាន់លើកិច្ចគាំពារបរិស្ថាន និងការការពារ និងអភិរក្សធនធានធម្មជាតិ និងតែងតែគាំទ្រ និងផ្តល់ការលើកទឹកចិត្តជានិច្ចចំពោះស្ថាប័ននិងបុគ្គលដែលបានលះបង់ដើម្បីបុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រង ការពារ និងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះលើផ្ទៃដី ៧,៥លានហិកតា គឺស្មើនឹង ប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា៕