ព្រឹត្តិការណ៍ “មហាសង្រ្កាន្ដខ្មែរនៅកូរ៉េលើកទី៣ ឆ្នាំ២០១៩” នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះនៅទីក្រុងអានសាន ពហុកីឡាដ្ឋាន WA Stadium
ប្រទេសកូរ៉េ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថានទូតកម្ពុជា សហការជាមួយក្រសួងការងារ សាលាក្រុងអានសាន និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហគមន៍ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េជាលើកទី៣ នៅថ្ងៃអាទិត្យ ទី១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ នឹងបានជួបជុំសប្បាយរីករាយជាថ្មីជាមួយកម្មវិធីដ៏ធំប្រចាំឆ្នាំ ជាមួយកម្មវិធីកាន់តែថ្មីល្អប្លែក ដូចជាពិធីសាសនា ក្បួនព្យុះហយាត្រាសិល្បៈប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ៍ និងទស្សនាការតាំងពិពណ៌ម្ហូប អារហារ នំបង្អែមខ្មែរ ហើយជាពិសេសសប្បាយរីករាយជាមួយនឹងក្រុមសិល្បៈករ សិល្បៈការិនី មកពីព្រះរាជាណាចក្រកម្ពុជា និងក្រុមសិល្បៈខ្មែរនៅប្រទេសកូរ៉េ។ តើបងប្អូនបានត្រៀមខ្លួនហើយឬនៅ កុំភ្លេចណាចូលរួមដោយសេរីទាំងអស់គ្នា!។
ព្រឹត្តិការណ៍នឹងរៀបចំឡើងនៅទីក្រុងអានសាន ពហុកីឡាដ្ឋាន WA Stadium ឬតាមខ្សែរថភ្លើងលេខ ៤ ចំណត ឈូជី ច្រកលេខ១ បត់ស្ដាំ ដើរត្រង់ចម្ងាយត្រឹមតែ 400ម៉ែត្រសូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េឆ្នាំ២០១៩៕