ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន នឹងរៀបចំពិធីបុណ្យតាណាបាតា ដើម្បីអបអរសាទរខួប ៦៥ឆ្នាំ មិត្តភាពជប៉ុន-កម្ពុជា

229


ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រួមសហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JFAC) នឹងរៀបចំប្រារពធ្វើពិធីបុណ្យ តាណាបាតា ឬ ពិធីបុណ្យផ្កាយ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី៥និង៦ ខែកក្កដានេះ នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន( CJCC)។

បើតាមការឱ្យដឹង ពីមន្រ្តីស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២ ខែកក្កដានេះថា នៅថ្ងៃទី៥ នឹងចាប់ផ្តើមបើកកម្មវិធី ក្នុងនោះមាន របាំជូនពរ សម្តែងដោយក្រុមនិស្សិតស្ម័គ្រចិត្តCJCC ក្បាច់របាំខ្មែរ ដោយកញ្ញា Yamanaka Hitomi និងការសម្តែងដោយក្រុមតន្រ្តី បុរាណជប៉ុន ប្រូម្ញូស៊ីកា នីប៉ូនៀ។ សម្រាប់ថ្ងៃទី៦ មានការប្រឡងចំរៀង ណូដូជីម៉ាន់ ២០១៨ និងការប្រគំតន្រ្តី ប្រូម្ញូស៊ីកា នីប៉ូនៀ។ ក្រៅពីនេះក៏មានកម្មវិធី វប្បធម៌ជាច្រើនទៀត ដូចជាសិក្ខាសាលា ស្តីពី ឧបករណ៍តន្រ្តីបុរាណជប៉ុន ការបញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បីល្បាញ រឿង “One Piece” ថ្នាក់រៀនចម្អិនម្ហូបអាហាជប៉ុន សិស្បៈបត់ក្រដាស “អូរីហ្កាមី” សិល្បៈកាត់ក្រដាស “គីរីហ្កាមី” សរសេរអក្សរផ្ចង់ “ស្យូដូ” ការសាកល្បង សម្លៀកបំពាក់ប្រពៃណីជប៉ុន និងកម្ពុជា ព្រមទាំងការតាំងពិព័រណ៌ផ្សេងៗនៅក្នុងតពិធីបុណ្យនេះ។ ពិធីបុណ្យនេះ សម្រាប់នៅកម្ពុជា គឺធ្វើឡើងក្នុងគោលបំណង បន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមបញ្ជាក់ថា ពិធីបុណ្យ បាណាបាតា “បុណ្យផ្កាយ” ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៤ ដោយCJCC បុណ្យនេះ ជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារពធ្វើនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំលឹកពីដំណើររឿងរបស់គូរស្នេហ៍មួយគូរគឺ នារីតម្បាញ និងបុរសគង្វាគោ ដែលបានដំបែកគូរស្នេហ៍នេះដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែមួយគត់ក្នុងមួយឆ្នាំគឺថ្ងៃទី៧កក្កដា។ ដូច្នេះនៅថ្ងៃនោះ ប្រជាជនជប៉ុនតែងនាំគ្នាសរសេរពីបំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួទៅនិងដើមឬស្សី ដើម្បីឱ្យបានសម្រេច នូវអ្វីដែលខ្លួនប៉ងប្រាថ្នា៕

អត្ថបទដែលជាប់ទាក់ទង