ឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី បានទទួលជនបរទេសម្នាក់ ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះមានឈ្មោះ WU YUANMIN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន បន្ទាប់មកកម្លាំងការិយាល័យធ្វើការសាកសួរដឹងថា ជននេះចូលម ប្រទេសកម្ពុជាលើកដំបូង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។
ក្នុងអំឡុងពេលស្នាក់នៅទេសចរក្នុងប្រទេសកម្ពុជា គេក៏បានឆ្លៀតរកការងារធ្វើនៅខេត្តកំពង់សោម រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គេបានធ្វើដំណើរមកភ្នំពេញ ដើម្បីដើរលេង ហើយគេក៏បានចូលទៅលេងនៅសណ្ឋាគារណាហ្គា បន្ទាប់មកគេក៏រកផ្ទះសំណាក់ ដើម្បីសំរាក ពេលនោះគេលូកហោប៉ៅរកលិខិតឆ្លងដែន ស្រាប់តែរកមិនឃើញ តែគេមិនបានប្ដឹងសមត្ថកិច្ចទេ រហូតដល់ថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៩ គេក៏បានចាយលុយអស់ពីខ្លួន ទើបរកសមត្ថកិច្ចឲ្យជួយ។
បច្ចុប្បន្នជនបរទេសរូបនេះ ស្នាក់នៅមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕