ងៀតបបែលដែលមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ៨,៥០ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ធ្វើការដកហូត
(ខេត្តតាកែវ)៖ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហាមួយចំនួនរួមមាន៖ បង្គារស្រស់ មឹកស្រស់ ជ្រក់ស្ពៃ សរសៃគុយទាវ បាញ់កាញ់ ខ្ញីហាន់ លត និងងៀតបបែល ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ។
ជាលទ្ធផលមន្ត្រីជំនាញបានរកសាធាតុគីមីហាមឃាត់បូរ៉ាក់ងៀតបបែលចំនួនសរុប ៨,៥០ គីឡូក្រាម ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ដែលមានផ្ទុកសារធាតុគីមីបន្តទៀត។ បន្ទាប់មកមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕