កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាប ឈើចំរុះដែលឈ្មួញទុកចោល ត្រៀមដឹកចេញ
រតនគិរី កំពង់ស្ពឺ៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចនិយាមការលេខ ៤០៣៣៧៨-១៣០៩៨៦៧ ស្ថិតក្នុងភូមិស្រែច្រាប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដែលមានចំនួនបឋមចន្លោះពី ០៣ម៉ែត្រ ទៅ០៤ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី សុខ មិន មេញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសហការបង្ក្រាបសន្និធិឈើ ដោយខុសច្បាប់នៅចំណុចភូមិដ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ កម្លាំងបង្ក្រាបបានឈើប្រភេទលេខ១ ចំនួន១០១ដុំ សើ្មនឹង ១៧,៥៦៥ម៉ែត្រគូប ក្នុងនោះឈើសុក្រប ០៧ដុំ ស្មើនឹង ០,៦១៦ម៉ែត្រគូប ឈើក្វាវ ០៤ដុំ ស្មើនឹង ០,៥៥០ម៉ែត្រគូប ឈើស្រឡៅ ៩០ដុំ ស្នើនឹង ១៦,៤៤៩ម៉ែត្រគូប ។
បច្ចុប្បន្នវត្ថុតាងឈើត្រូវបានកម្លាំងសហការប្រគល់ជូនស្នាក់ការឧស្យានជាតិស្រុកអូរយ៉ាដាវ ៕