ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ : ឥឡូវនេះ គេថា ពេលដែលអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក មិន​បា​​នជួ​​បជាមួយ ហ៊ុន សែន ទេ

309


ភ្នំពេញ: គណៈគណៈប្រតិភូអឺរ៉ុបបានធ្វើ ទស្សនកិច្ចមកកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនានេះ ដើម្បី​ពិ​ភា​ក្សា​អំពីលក្ខខណ្ឌ EBA ដែលរដ្ឋាភិបាល​កម្ពុជា បានចុះកិច្ចព្រមព្រៀង ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសដែលអញ្ជើញ ចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១៥៧៨នាក់ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូ​ច ​«​ឥ​ឡូ​វ​​នេះ គេថា ពេលដែលអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក មិន​បា​​នជួ​​បជាមួយ ហ៊ុន សែន ទេ។ គេមិនសុំជួប ហ៊ុន សែន ទេ។ កម្រិតហ្នឹង វាអត់ត្រូវជួបជាមួយ ហ៊ុន សែន ទេ! ជួបធ្វើអី? កម្រិតត្រឹ​មឋានៈ​ប្រ​ធាន​នា​យ​​​ក​ដ្ឋាន មកជួបដល់ឧបនាយករដ្ឋមន្ត្រីវាខ្ពស់ពេកទៅហើយ។ ចាំមក អាប្រធាន EU និងស្នងការ EU អាហ្នឹងបាន ហ៊ុន សែន ត្រូវជួប»។

តំណាងរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី២០មីនា បាបានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និង រដ្ឋមន្ត្រីក្រសួ​ង​កា​​រ​ប​​​រទេ​ស​ លោ​ក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ​ ប៉ុន្តែ​ មិន​បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាទេ។

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ដើម្បីឲ្យប្រទេសកម្ពុជា មានឯករាជ្យទាំងនយោបាយ និងសេដ្ឋកិច្ចនោះ គឺមានតែការខិតខំរបស់កម្ពុជាខ្លួនឯង ដោយមិនត្រូវពឹងផ្អែកតែបរទេសឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តនិយាយថា ការប្រឹងប្រែងផ្ទាល់របស់យើង ទើបយើងក្លាយជាប្រទេសដែលឯករាជ្យពិតប្រាដក ទាំងនយោបាយ និងសេដ្ឋកិច្ច ហើយក៏មិនទទួលនូវសម្ពោធណាមួយ ដែលទទួលខ្យល់អុកស៊ីហ្សែន គ្រាន់តែគេដកខ្យល់អុកស៊ីហ្សែនយើងដួលរលំនោះទេ ដូច្នេះកំណែទម្រង់ទាំងឡាយគប្បីត្រូវបានធ្វើ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាខាងក្នុងជាកត្តាសត្យានុម័ត ក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយសមិទ្ធផលដែលកម្ពុជាទទួលបាន គឺកើតចេញពីការប្រឹងប្រែងរបស់ជាតិកម្ពុជាទាំងមូល មិនមែនពឹងតែលើការជួយពីបរទេសនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បរទេសត្រឹមតែមកជួយផ្តល់មតិ ឬអាចជួយនេះជួយនោះ ក៏ប៉ុន្តែបើយើងខ្វះការខិតខំខ្លួនឯង សួរថាតើយើងអាចនឹងឈានឡើងរួចទេ យើងមើលស្ថានភាពអស់ទាំងនេះ ដើម្បីយើងព្យាករណ៍អនាគត។ តើយើងត្រូវខំខ្លួនឯងយ៉ាងម៉េច គ្មានប្រទេសណាមួយ ដែលអាចផ្តល់ជំនួយ ទំនុបបំរុងយើង ឲ្យស៊ីស្រាប់ដោយមិនព្រមធ្វើការនោះទេ ដូច្នេះត្រូវយល់ឲ្យបានថា កត្តាខាងក្នុងនិងកត្តាខាងក្រៅ គឺកត្តាខាងក្នុងមានចរិតកំណត់ ជោគជ័យឬមិនជោគជ័យសម្រេចលើកត្តាខាងក្នុង»៕

អត្ថបទដែលជាប់ទាក់ទង