ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ ពលការនី កែន ចន្ថា ដែលចាញ់បោកមេខ្យល់៤ឆ្នាំ ទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត ត្រូវបានសង្រ្គោះអោយត្រឡប់មកកម្ពុជាវិញ

336

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការនី កែន ចន្ថា ដែលបានចាញ់បោកមេខ្យល់ បានបញ្ជូននាងទៅបម្រើការងារដោយ ខុសច្បាប់ នៅអារ៉ាប៊ីសាអូឌីត អស់រយៈពេលជាង៤ឆ្នាំ។ ការផ្តល់កិច្ចអន្តរាគមន៍នេះ ឆ្លើយតបនឹង ការទទូចស្នើសុំជំនួយពី ពលការនីខាងលើ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលបានរៀបរាប់ពីដំណើរដើមទង នៃការដែលខ្លួនត្រូវបានចាញ់បោកមេខ្យល់មកធ្វើជា ពលការនីបម្រើការងារផ្ទះនៅអារ៉ាប៊ីសាអូឌីត ដោយរងការកេងប្រវញ្ញកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញពីថៅកែ និង ការមិនផ្តល់ប្រាក់បៀវត្សជាដើម ។
យោងតាញសង្គមហ្វេសប៊ុកផ្ទាល់របស់ លោក អូស្មាន ហាស្សាន់ ដែលបានបង្ហោះ កាលពីរសៀលថ្ងៃទី ០៣ កក្កដា ២០១៨ ភ្ជាប់ជាមួយនឹងរូបភាពរបស់ ពលការនីរងគ្រោះខាងលើ ដែលមានទឹកមុខរីករាយ ខណៈកំពុងនៅលើយន្តហោះធ្វើដំណើរពីទីក្រុងជុដះ ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះមកកាន់ទីក្រុងបាងកក ដើម្បីបន្តដំណើរ ត្រឡប់មកកម្ពុជា ដែលនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ០៤ កក្កដា ២០១៨ នេះ ។
នៅលើគេហទំព័រហ្វេសប៊ុករបស់លោក អូស្មាន ហាស្សាន់ បានសរសេរថា៖ ពលការនីខ្មែរ ឈ្មោះ កែន ចន្ថា មានទីលំនៅកំណើត ភូមិវត្តបូព៌ ឃុំសៀមរាប ស្រុក សៀមរាប ខេត្ត សៀមរាប ដែលបានទៅធ្វើការងារបំរើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត រយៈជាង ៤ ឆ្នាំដោយចាញ់បោក ពួកមេខ្យល់ បានសុំអោយខ្ញុំ និង ក្នុងនាមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយ រំដោះនាង មក កម្ពុជាវិញនោះ នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី ០៤ .០៧ .២០១៨ វេលាម៉ោង ៩.៣០នាទីព្រឹក តាមជើងយន្តហោះ បាងកក PG – នេះជានារី រងគ្រោះ ទី៤ ហើយដែលខ្ញុំបាន ដោះ ស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញ នោះ ដោយ សារតែ នៅប្រទេសអារ៉ាប់នោះ មិនទាន់មាន ស្ថានទូត ឬ ស្ថានកុងស៊ុល រាល់ការដោះស្រាយ បញ្ហាផ្សេងៗ មានការលំបាក យឺតយ៉ាវដែលលើកទី ១ខ្ញុំ បានសហការនឹង ទូត យើង ប្រចាំនៅ គុយវ៉ែតផង អេហ្ស៊ីបផង ឯលើក ទី ២,៣,៤ សហការនឹងទូតយើង ប្រចាំនៅអេហ្ស៊ីប -ត្រឡប់មកវិញនេះពលការនី មិនទទួលបាន ប្រាក់ខែពីថៅកែទី១នោះទេ តែបានពីថៅកែទី២ ។
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ លើជនខិលខូច ជាមេខ្យល់នោះដែរ ៕

អត្ថបទដែលជាប់ទាក់ទង