ក្រុមក្មេង១២នាក់និងគ្រូម្នាក់មិនទាន់អាចយកចេញពីរូងភ្នំបានទេ អាចប្រើពេលច្រើនថ្ងៃទៀត ដោយត្រូវមុជទឹកចេញ
ប្រទេសថៃ៖តើអ្នកមុជទឹកអង់គ្លេស ដែលរកឃើញអ្នកបាត់ខ្លួនទាំង១៣នាក់ ជានរណា?។ គេដឹងថា៖អ្នកមុជទឹកអង់គ្លេសពីរនាក់ ដែលបានរកឃើញក្មេងទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់កាលពីយប់ថ្ងៃ ចន្ទ នៅក្នុងរូងភ្នំថាំលួង ស្ថិតនៅភាគខាងជើងប្រទេសថៃ មិនមែនជាយោធា ឬក៏អ្នកជំនាញមុជទឹកនោះទេ។ ប៉ុន្តែគ្រាន់តែជា អ្នកស្ម័គ្រចិត្តមកពីអង់គ្លេសតែប៉ុណ្ណោះ។ ខាងលើចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានអ្នកមុជទឹកមកពីចក្រភព អង់គ្លេសពីរនាក់ខាងលើ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិតនៅចំងាយប្រហែល០៤គីឡូ ម៉ែត្រពីមាត់រូងភ្នំ។ អ្នកទាំងពីរនាក់នេះ ត្រូវបានសារព័ត៌មានកំណត់អត្តសញ្ញាណថាមានឈ្មោះ John Volanthen អាយុ៤៧ឆ្នាំ
និងម្នាក់ទៀតឈ្មោះ Rick Stanton មានអាយុ៥៦ឆ្នាំ។
សូមបញ្ជាក់ថា៖អ្នកមុជទឹកទាំងពីរនាក់នេះ ក៏ជាមនុស្សដំបូងគេផងដែរ បានឆ្លើយឆ្លងគ្នាជាមួយអ្នកទាំង១៣នាក់ ដែលបានជាប់នៅ ក្នុងរ៉ូងភ្នំថាំលួង ស្ថិតនៅក្នុងស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក។ «តើអ្នក មានគ្នាប៉ុន្មាននាក់? ១៣នាក់។ ល្អណាស់! អ្នកទាំងអស់គ្នានៅទីនេះ១០ថ្ងៃជាងហើយ ពួកអ្នកពិតជាពូកែណាស់។ អរគុណច្រើន ប៉ុន្តែតើពេលណា ទើបពួកយើងអាចចេញទៅក្រៅបាន? មិនមែនថ្ងៃនេះទេ តែអ្នកត្រូវមុជទឹក»។ នេះគឺជាការឆ្លងឆ្លើយរវាងក្មេង មួយចំនួនក្នុងចំណោមមនុស្សទាំង១៣នាក់ និងអ្នកមុជទឹកអង់គ្លេសទាំងពីរនាក់។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះថៃ កំពុងពិចារណាពីវិធីយកក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេចេញពីរូងភ្នំ។ ប៉ុន្តែទន្ទឹម គ្នា ក្រុមអ្នកជំនាញបានព្រមានថាការយកអ្នកទាំងនេះចេញមកក្រៅ អាចនឹងត្រូវចំណាយពេលជាច្រើនសប្ដាហ៍ក៏ថាបាន ខណៈចំណី អាហារសម្រាប់រយៈពេល០៤ខែ ត្រូវបញ្ជូនទៅឱ្យពួកគេហើយ៕