ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចដេញស្ទាក់បាញ់ស្លាប់បុរសម្នាក់ និងរបួសម្នាក់ ក្នុងករណី ចោរលួចឡាន

107

(ព្រៃវែង)៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីសមត្ថកិច្ចដេញតាមស្ទាក់បាញ់ ទៅលើរថយន្តម៉ាកព្រុសមួយគ្រឿង ដែលបើករត់គេចពីភ្នំពេញ មកខេត្តព្រៃវែង យោងតាមពាក្យបណ្ដឹងយោងតាមពាក្យបណ្ដឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣យប់ ថ្ងៃទី២៣មីនា២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស នៅស្រុកបាភ្នំ ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាមម្ដាយរបស់ឈ្មោះ វ៉ាន​ ខេមរិន បាននិយាយថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះវុធ ដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រុសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលោះ នៅខ្វះលុយ ៣០០០ដុល្លារទៀត ហើយក៏មានទំនាស់សម្ដីជាមួយម្ចាស់ដើម ឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាជាងជួសជុលឡាននៅភ្នំពេញ។
ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។
នៅពេលនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តព្រុស ដែលកំពុងបើករត់គេច ជាចោរលួចរថយន្តខ្លួន។
ជាមួយគ្នានោះ សមត្ថកិច្ចប៉េអឹម បានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ
ស្រាប់តែសមត្ថកិច្ច នគរបាល បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន។

លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី២៤មីនា២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្គកពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ហើយអ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលស្ទាក់ពីមុខ ។ លោកបញ្ជាក់ថា នេះជាករណីចោរលួចរថយន្ត៕

អត្ថបទដែលជាប់ទាក់ទង