ឧត្តមសេនីយ៍ម៉ក់ សំអុល:ត្រូវតែយកកីឡាមកចិញ្ចឹមកីឡា
ភ្នំពេញ:លោកឧត្តមសេនីយ៍ម៉ក់ សំអុលប្រធានសហព័ន្ធកីឡាហាប់គីដូ បានប្រាប់ទៅសមាជិកប្រតិបត្តិ និង
មន្ត្រីហាប់គីដូរបស់លោក ឲ្យបង្កើតនូវគំនិតយកកីឡាមកចិញ្ចឹមកីឡា។
លោកថ្លែងបែបនេះនៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ សហព័ន្ធខ្មែរកីឡាហាប់គីដូនាល្ងាចថ្ងៃទី២៣មីនា ។
លោកបានប្រាប់ពីបទពិសោធន៍របស់លោក ក្នុងវិស័យកីឡាប្រាប់ទៅអង្គសន្និបាតថា លោកធ្វើកីឡាតាំងពីបាតដៃទទេ
ពេលនេះកីឡាមានការរីកចម្រើនហើយ ហេតុនេះយើងត្រូវបង្កើតទីផ្សារកីឡា ដើម្បីរកកម្រៃចិញ្ចឹមកីឡាវិញ ។
ហាប់គីដូ(Hapkido)ជាប្រភេទកីឡាប្រយុទ្ធមិនអូឡាំពិកដែលសព្វថ្ងៃនេះ នៅកម្ពុជាមិនទាន់មានការប្រកួត
ជើងឯកជាតិហើយ ការប្រកួតក្នុងកម្រិតតំបន់ ទ្វីប និង ពិភពលោកក៏មិនទាន់មានដែរ ។ កីឡាមួយនេះមានចរឹកកាច
បន្តិចព្រោះស្នៀវ៉ៃនានាគឺកាច់បំបាក់ បោក មានចរឹកវាយប្រហារ និង ការពារ ។ ចរឹកនៃកីឡាមួយនេះលំបាកនឹងធ្វើ
ការប្រកួតជើងឯកជាតិណាស់ ។
ទោះបីយ៉ាងណាក៏អង្គមហាសន្និបាតបានឯកភាព គ្នាស្វែងរកការគាំទ្រពី សប្បុរសជនដើម្បីរៀបចំការប្រកួត
ពានរង្វាន់ បណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល កំណត់ពីវិញ្ញាសាដែលត្រូវប្រកួត ឈ្មោះនៃព្រឹត្តិការណ៍
ប្រកួត ។
ប្រមុខកីឡាហាប់គីដូរូបនេះបានសំណូមពរឲ្យធ្វើការកែទម្រង់ក្នុង សហព័ន្ធគឺត្រូវលើក ទឹកចិត្តដល់ក្មេងៗដែល
មានសមត្ថភាពឲ្យជួយ ធ្វើការងាររដ្ឋបាល ហិរញ្ញវត្ថុ និង ទីផ្សារ ។ គ្រូបង្វឹករបស់សហព័ន្ធគឺជាគ្រូបង្វឹកដែលមាន
សមត្ថភាព ទោះជាកម្រិតខ្សែក្រវាត់ណាក៏សុទ្ធតែមាន ការទទួលស្គាល់ពីសហព័ន្ធទាំងអស់ ។
ហេតុនេះគ្រូដែលមានសមត្ថភាពទាំងអស់ ត្រូវតែបង្វឹកដោយយក កម្រៃទាបដើម្បីឲ្យយុវជន និង ក្មេងៗគេ
មានសមត្ថភាពចំណាយលុយ សម្រាប់ការហ្វឹកហាត់នេះ ។