ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករនិងខាងរោងចក្រត្រូវតែនៅជាមួយគ្នារួមគ្នាដើម្បីការងាររីកចម្រើនទាំងអស់គ្នា

135

ភ្នំពេញ៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ជាអភិបាលរាជធានីភ្នំពេញនិងជាប្រធានចលនាសហជីពរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា មានរោងចក្រ ត្រូវតែមានកម្មករ ហើយរោងចក្របើអត់កម្មករគេមិនហៅរោងចក្រនោះទេ ដូច្នេះទេកម្មករនិងរោងចក្រ ត្រូវតែនៅជាមួយគ្នារួមគ្នាចាប់ដៃគ្នាបំពេញការងារដើម្បីភាពរីកចំរើនទាំងអស់គ្នា។
ការលើកឡើងរបស់លោកឃួង ស្រេងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ មិនាឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសាខាគណបក្សតាមរោងចក្រក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ដែលពិធីនេះធ្វើឡើង ក្នុងបរិវេណវត្តទួលអស់លោកក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីបងប្អូនកម្មករកម្មការិនីរោងចក្រប្រមាណ១៥០០នាក់។
លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនឥតឈប់ឈរ មានរោងចក្រសហគ្រាសជាច្រើននៅក្នុងរាជធានីភ្នំពេញ ទាំងនេះពិតជាបានមកដោយសារតែប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍។
លោកបន្តទៀតថា កាលណាប្រទេសជាតិមានសន្តិភាពពេញលេញនោះ វានឹងធ្វើឲ្យអ្នកវិនិយោគទុនបរទេសចូលមកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរ
ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើ និងមានជីវភាពធូរធារ។ ដូច្នេះទេ សូមបងប្អូនកម្មករទាំងអស់រក្សានូវឆ្នាំងបាយរបស់ខ្លួន មានន័យថារោងចក្រនិងកម្មករត្រូវតែនៅជាមួយគ្នារួមគ្នាដើម្បីបំពេញការងារឱ្យមានការរីកចម្រើន ហើយបើមានបញ្ហាអ្វីត្រូវចេះជជែកគ្នា ពិភាក្សាគ្នារកដំណោះស្រាយជៀសវាងការធ្វើបាតុកម្ម ដែលនាំអោយបាត់បង់ផលប្រយោជន៍ទាំងសងខាង មានន័យថាបើមាន អសកម្មណាមួយ អ្នកដែលខាតបង់ផលប្រយោជន៍ខ្លាំងជាងគេគឺកម្មករ ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន សម្ដេចគឺជាម៉ែ ជាឪរបស់បងប្អូនកម្មករយើងទាំងអស់គ្នា ហើយជាធម្មតាម៉ែឪមិនចង់ឲ្យកូនចៅរបស់ខ្លួនក្រីក្រនោះទេ គឺតែងតែធ្វើអ្វីៗគ្រប់បែបយ៉ាងរកគ្រប់វិធីដើម្បីឲ្យកូន ចៅ
មានជីវភាពធូរធារមិនក្រលំបាក។ ជាក់ស្តែងនៅឆ្នាំ២០១៩ នេះអ្វីដែលសម្ដេចតេជោបានប្រកាសជូនកម្មករនិយោជិត ដូចជាប្រាក់ឈ្នួលប្រចាំខែឡើងដល់ ១៨២ដុល្លារក្នុងមួយខែ ព្រមទាំងបើកប្រាក់ ខែ២ដង ក្នុងមួយខែ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ប្រាក់ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណ ប ស ស ហើយចំពោះស្ត្រីសំរាលកូនត្រូវបានឈប់សម្រាកពីការងារ ៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយជាដើម។
លោកជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវមានរោងចក្រចំនួន៣៦ និងសហគ្រាសមានចំនួន ៣៦១
កម្មករសរុបមានចំនួន ៤៣៩៦៦នាក់ កម្មករស្នាក់នៅផ្ទះជួលចំនួន៣០៨៦០នាក់ ហើយបច្ចុប្បន្នក្នុងចំណោមរោងចក្រទាំង៣២យើងបានកសាងសាខាបក្សចំនួន ៨សាខាបក្សតាមរោងចក្រដែលមានចំនួនសរុប១៥០៦នាក់ ដែលអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនេះ។
ក្រោយបញ្ចប់ពិធីសំណេះសំណាល លោកឃួង ស្រេងបានប្រគល់ថវិការបស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជូនកម្មករ កម្មការិនីចំនួន១៥០៦នាក់ដែលក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង