ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ូ ច័ន្ទរ័ត្ន និងសហការី៤រូប នៃអតីតក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហ ក្រោយ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ

389


ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ព្រឹក: នៅសណ្ឋាគារសាន់វេ (SUNWAY Hotel) លោក អ៊ូ ច័ន្ទរ័ត្ន និងសហការី៤រូបទៀត នៃអតីតក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ធ្វើសន្និសីទសារព័ត៌មាន ជុំវិញការស្នើសុំលើកបម្រាមសិទ្ធិនយោបាយនាពេលថ្មីៗនេះ។

លោក អ៊ូ ច័ន្ទរ័ត្ន តាមរយៈសេចក្តី ថ្លែងការណ៍នាព្រឹកថ្ងៃនេះ បានបញ្ជាក់ថាដោយបារម្ភអំពីស្ថានការនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិនៃការបែកបាក់ ឯកភាពជាតិដ៏ធ្ងន់ធ្ងរ។ យើងខ្ញុំគិតថាខ្មែរគ្រប់និន្នាការត្រូវមានចំណែកចូលរួមដោះស្រាយ និងបញ្ចៀសបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល។

លោកអ៊ូច័ន្ទរ័ត្ន បានបញ្ជាក់បន្ថែមថា យើងខ្ញុំជាអ្នកដែលបានស្នើលើកបម្រាមសិទ្ធិនយោបាយសូមស្វាគមន៍ ការជួយអន្តរាគមន៍របស់សហភាពអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសនិងសហគមន៍អន្តរជាតិនានា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ យើងខ្ញុំសង្កេតឃើញថាក្រៅពីការប្រឈមមុខដាក់គ្នា រវាងមេដឹកនាំសុំធំនិងរវាងអ្នកគាំទ្រ បក្សនយោបាយទាំងឡាយដែលមាននិន្នាការខុសគ្នា ភាគីកម្ពុជាមិនទាន់មានការសម្របសម្រួលជាយុទ្ធសាស្ត្រណាមួយ ដើម្បីស្វែងរកដំណោះស្រាយឡើយនេះជាការបណ្ដោយឲ្យប្រជាជាតិទាំងមូល ធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ប្រថុយប្រថានទាំងជីវភាព របស់ប្រជាពលរដ្ឋរាប់លាននាក់ និងស្ថិរភាពសង្គម។ការស្នើលើកបម្រាមសិទ្ធិនយោបាយ របស់យើងខ្ញុំមានគោលបំណងសម្រាលស្ថានការណ៍នយោបាយបច្ចុប្បន្ន និងកសាងទំនុកចិត្តរវាងអ្នកនយោបាយខ្មែរដែលអាចឈាន ទៅរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៅពេលនេះនិងពេលអនាគត។ នៅពេលនេះយើងខ្ញុំយល់ថាការបញ្ចៀសនូវការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAនឹងGSPជាកិច្ចការសំខាន់ដែលត្រូវធ្វើចាំបាច់ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនិងស្ដាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ គោលជំហររបស់យើងគឺនៅតែបន្តទាមទារឲ្យមានការដោះលែង លោកប្រធានកឹមសុខា និងផ្ដល់នីតិសម្បទាជូនលោកវិញដើម្បីឲ្យលោក មានឱកាសដឹកនាំសកម្មភាពនយោបាយឡើងវិញ។យើងខ្ញុំចង់ឲ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិតាមរយៈវប្បធម៌សន្ទនាដែលយើងជឿថាជាគំរូល្អ ដល់អ្នកជំនាន់ក្រោយ។ យើងខ្ញុំនៅតែបន្តទាមទារឲ្យរាជរដ្ឋាភិបាលពិចារណាមផ្ដល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដល់អតីតគណបក្សសង្គ្រោះជាតិវិញ ព្រោះវាជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ ចំពោះពួកគាត់និងម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនពួកគាត់។ យើងខ្ញុំនៅតែបន្តប្រកាន់យកគោលការណ៍ និងស្មារតីរបស់សង្គ្រោះជាតិដដែល គឺអហិង្សាខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ នឹងបន្តជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។ យើងខ្ញុំនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្រួបបង្រួមនិងរក្សាកម្លាំងគាំទ្រសង្គ្រោះជាតិ ដើម្បីប្រកួតប្រជែង ដោយយុត្តិធម៌និងតាមគោលការណ៍ប្រជាធិបតេយ្យ។ យើងខ្ញុំគិតថាការបន្ទន់ឥរិយាបថ ដាក់គ្នានិងការគោរពគ្នាទៅវិញទៅមក ដើម្បីស្វែងរកការសន្ទនា រវាងអ្នកដឹកនាំខ្មែរជាគន្លឹះសំខាន់បំផុត នៅក្នុងកាលៈទេសៈបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង