ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានខិតខំកសាងសាលារៀនដាក់ពង្រាយនៅទូទាំងប្រទេស បានស្តារ និងកសាងធនធានមនុស្សឡើងវិញ

100

ភ្នំពេញ: នៅក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញថ្ងៃទី ២៥ មីនា ២០១៩ នេះ សម្តេចតេជោ បានមានប្រសាសន៍អំពីមោទនភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលមានការចូលរួមយ៉ាងសកម្មពីគ្រឹះស្ថានអប់រំឯកជន ក្នុងនោះរួមទាំង សាកលវិទ្យាល័យ PPIU ដែលបានឈជើងបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងការរួមចំណែកកសាងប្រទេសជាតិ។ គឺផ្ទុយស្រឡះពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) ដែលពួកគេបានសម្លាប់អ្នកចេះដឹងស្ទើររលាយអស់ទាំងស្រុង។

ក្រោយពេលរំដោះប្រទេសបាននៅឆ្នាំ ១៩៧៩ គឺរដ្ឋាភិបាលកម្ពុជាពេលនោះបានដាក់ចេញនូវយុទ្ឋសាស្រ្ត “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ”។ បន្ទាប់មកសម្តេចតេជោ បានខិតខំកសាងសាលារៀនដាក់ពង្រាយនៅទូទាំងប្រទេស បានស្តារ និងកសាងធនធានមនុស្សឡើងវិញរហូតមានការរីកលូតលាស់ដល់កម្រិតសព្វថ្ងៃនេះ។ បើគ្មានធនធានមនុស្សទេ គឺមិនអាចធ្វើអ្វីបានឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ទន្ទឹមនឹងមានសញ្ញាបត្រហើយ គឺត្រូវមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណវឌ្ឍន៍ គុណសម្បត្តិ និងសមត្ថភាពពិតប្រាកដ។ ហើយចំពោះនិស្សិតជាជនពិការ គឺត្រូវងើបឈរឡើង ប្រឹងប្រែងដោយខ្លួនឯង ហើយត្រូវខិតខំរៀនបន្តទៀត។ យើងពិការតែរាងកាយទេ ប៉ុន្តែចិត្តគំនិតបេះដូងយើង គឺមិនពិការឡើយ។

យើងទាំងអស់គ្នា ត្រូវរួមដំណើរជាមួយគ្នា រួមគ្នាកសាងអនាគត ដើម្បីខ្លួនយើងផង និងដើម្បីប្រទេសជាតិយើងផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំ ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្រ្គាមមក រហូតមកដល់ពេលនេះយើងទទួលបានធនធានមនុស្សយ៉ាងច្រើនក្នុងការបំរើការងារតាមវិស័យនានា។ សម្តេចតេជោបានមានប្រសាសន៍ថា យើងត្រូវខិតខំបង្រឹងសមត្ថភាពធនធានមនុស្សយើងអោយច្រើនបន្ថែមទៀត ពីព្រោះសព្វថ្ងៃនេះយើងនៅខ្វះធនធានមនុស្សក្នុងវិស័យសំខាន់ៗមួយចំនួនដូច វិស្វកម្ម សំណង់ និងបច្ចេកវិទ្យាជាដើម។ ដូច្នេះហើយទើបសព្វថ្ងៃយើងតែងតែត្រូវការធនធានមនុស្សពីខាងក្រៅ តែប្រសិបើយើងមានធនធានមនុស្សគ្រប់គ្រាន់នៅខាងក្នុងហើយ គឺយើងអាចកាត់បន្ថយតម្រូវការធនធានមនុស្សមកពីប្រទេសខាងក្រៅបានហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងជំរុញលើកទឹកចិត្តដល់និស្សិតពិការដែលបានបន្តការសិក្សាមកដល់កំរិតនេះហើយត្រូវខិតខំប្រឹងប្រែងបន្តទៀត ពីព្រោះចំណេះដឹង គឺរៀនមិនចេះចប់នោះឡើង។ នៅថ្ងៃនេះ មាននិស្សិតជាជនពិការចំនួន៦នាក់ដែលបានមកទទួលសញ្ញាបត្រផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា យើងពិការតែរូបកាយទេ តែបេះដូង និងចិត្តកំនិតរបស់យើងមិនពិការនោះទេ។ សម្តេចតេជោ បានជំរុញលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវតែមានការតស៊ូក្នុងជីវិត កុំអស់សង្ឃឹម ជាក់ស្តែងរូបសម្តេចផ្ទាល់ក៏ជាជនពិការម្នាក់ដែរ តែសម្តេចបានខិតខំប្រឹងប្រែងក្នុងជីវិតមិនត្រឹមតែដើម្បីខ្លួនឯងទេ តែដើម្បីសេចក្តីសុខ និងការរស់នៅរបស់ពលរដ្ឋកម្ពុជាទាំងមូលផងដែរ។
នៅក្នុងថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ការផ្តល់នូវនីតិសម្បទារផ្នែកនយោបាយដល់អតីតសមាជិកគណបក្សដែលបានរំលាយចោលដោយសាលដីកាតុលាការកំពូល, សេចក្តីអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករបានចូលធ្វើការងារវិញនៅ និងវិធានការដោះស្រាយទឹកសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។ ចំណុចពិស្តារនឹងផ្សាយនៅពេលបន្ទាប់នេះ៕

អត្ថបទដែលជាប់ទាក់ទង