រថយន្ត Range Rover ស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកមកបុកម៉ូតូ ប៉ើងនារីម្នាក់ទៅផ្ទុបនឹងជញ្ជាំង ស្លាប់ភ្លាមៗ
ភ្នំពេញ៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលនាងជិះម៉ូតូតាមដងផ្លូវហើយត្រូវរថយន្តស៊េរីទំនើបម៉ាករ៉ង់រ៉ូវែមួយគ្រឿងបើកបោះពួយយ៉ាងលឿន ទៅបុកខ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ ហើយ
ក្រោយពេលកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រម៉ោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០១៩ នៅក្រោយផ្សារ TK ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៥២៨ កែងផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលល ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកបិច ពាក់ស្លាកលេខ កណ្តាល 1J-5254។
រថយន្តបង្កជាប្រភេទ Range Rover ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ ជិះម៉ូតូខាងលើតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ចង្កូតទៅជើងលើផ្លូវលេខ៣១៧ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ធ្វើដំណើរមកពីជើងទៅត្បូងលើផ្លូវ៣១៧ ក្នុងល្បឿនលឿន បានទៅបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់នឹងជញ្ជាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។
បើយោងតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ្នករស់នៅជិតកន្លែងកើតហេតុ បានបង្ហាញយ៉ាងច្បាស់ថា រថយន្តដែលបើកបុកនោះ គឺរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕