ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវដែកទិសពាយ័ព្យត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ក្រោយពីផ្អាកដំណើរការជាង៣៥ឆ្នាំ

205

ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ-ពោធិ៍សាត់ ជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ផ្លូវដែកពោធិ៍សាត់-ភ្នំពេញមាន ប្រវែង ១៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ចំណាយ ២៣,៤ លានដុល្លារ ថវិកាជាតិ។ កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ ប្រើដែករ៉ៃចាស់(បារាំង) កំណល់ដែក ដែលអាចបើកបរបានក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុង១ម៉ោង និងអាចទ្រទំងន់បាន ១៥តោន ក្នុង១ភ្លៅកង់ ហើយមានស្ថានីយចំនួន ២០ រួមមាន៖ ពោធិ៍សាត់-ទទឹងថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា-មានក(Meanork)-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

សូមបញ្ជាក់ថា៖ កណាត់ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ។ ហើយការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញ ជាដំណាក់កាលចុងក្រោយ ក្នុងការតភ្ជាប់ផ្លូវដែក ពីភ្នំពេញទៅប៉ោយប៉ែត។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយ ដ៏មានសក្ដានុពល ក្នុងការដឹកជញ្ជូនផលិតផលនានា របស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួម ចុះណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមានគម្រោងជាច្រើនទៀត ក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជា៖ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើង ព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាងសង់ទីលានកុងតែន័រផ្លូវដែកនៅស្ទឹងបត់ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ងត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គីឡូម៉ែត្រ ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម៕

     

អត្ថបទដែលជាប់ទាក់ទង