ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមជម្រុញអោយមន្ត្រីរាជការ នៅស្រុកកំពង់សៀម ឲ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត

114

កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានជម្រុញអោយមន្ត្រីរាជការ នៅស្រុកកំពង់សៀមទាំងអស់ត្រូវ ឲ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ។ ការជម្រុញបែបនេះរបស់លោក គួច ចំរើនបានធ្វើឡើងក្នុងឱកាសដែលលោកនិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រេជុំមួយកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកកំពង់សៀម  ដោយមានការចូលរួមពីមេប៉ុស្តិ៍ មេឃុំ ស្មៀនឃុំ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំសាលាស្រុកកំពង់សៀមផងដែរ។

    លោក គួច ចំរើន បានថ្លែងថា ការចុះមកបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំខេត្ត នាពេលនេះ គឺដើម្បីស្ដាប់នូវចំណុចខ្វះខាត នឹងធ្វើការណែនាំ អប់រំ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របទៅតាមនីតិវិធីច្បាប់ និងគោលការណ៍ណែនាំនានា ដោយជៀសវាងការអនុវត្តភារកិច្ច ទៅតាមទម្លាប់ ក៏ដូចជា ការអនុវត្តដោយរំលោភអំណាច និងដែនសមត្ថកិច្ចគ្នា។

លោកអភិបាលខេត្ត បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ និងមានរយៈពេល១៧ឆ្នាំកន្លងទៅហើយ។ ដោយឡែក ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកំពុងផ្ដោតទៅលើការអនុវត្តនូវអភិក្រមទាំង៥ មានដូចជា ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់។ ហើយយើងម្នាក់ៗសុទ្ធតែបានដឹង និងបានលឺផងដែរ។ យ៉ាងណាមិញ មកដល់ពេលនេះ គ្មាននរណាម្នាក់អាចគេចផុតពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រមទី៥ ដែលអាចនិយាយបានថា មិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីវិស័យឯកជនក៏ត្រូវបានអនុវត្តរួចមកហើយដែរ ពោលគឺ ជនណាដែលបានប្រព្រឹត្តខុសច្បាប់ ត្រូវមកទទួលទោសទៅតាមផ្លូវច្បាប់។ ដូច្នេះហើយ ថ្នាក់ដឹកនាំខេត្ត មិនចង់ឃើញមន្ត្រីយើងមានកំហុស រហូតដល់ត្រូវអនុវត្តអភិក្រមទី៥នោះទេ ទើបពេលនេះ យើងធ្វើការណែនាំ អប់រំ ក្នុងគោលបំណងឲ្យមន្រ្តីមានសមត្ថភាព និងចំណេះដឹង ហើយផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកំពង់សៀម ឲ្យទៅកាន់ការិយាល័យច្រកចេញចូលតែមួយ របស់សាលាស្រុកកំពង់សៀម ដើម្បីឲ្យមន្ត្រីរបស់យើងបានបម្រើសេវារដ្ឋបាលជូន ហើយបើនៅមានបញ្ហាអ្វីប្រឈម មន្ត្រីយើងនឹងខិតខំធ្វើការដោះស្រាយជូនជាក់ជាមិនខាន។ លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកកំពង់សៀម ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានចំណេះដឹងខ្ពស់បន្ថែមទៀត ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដំឡើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការយើងជាបន្តបន្ទាប់ ដូច្នេះយើងក៏ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្ជាប់ខ្ជួនឡើងបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង