ការបង្កើតផ្សារណាត់ គឺចង់បង្ហាញផលិតផល និងអ្នកប្រើប្រាស់ អោយមើលឃើញ និងយល់អោយច្បាស់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃបន្លែ និងផលិតផលដែលមានសុវត្ថិភាពគ្មានជាតិគីមី
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានលើកឡើងថា ការបង្កើតផ្សារណាត់ គឺចង់បង្ហាញដល់អ្នកផលិត និងអ្នកប្រើប្រាស់ មើលអោយឃើញ ព្រមទាំងយល់អោយច្បាស់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃបន្លែ និងផលិតផលដែលមានអត្ថប្រយោជន៍ សុវត្ថិភាពដើម្បីបង្កើនការលក់ដូរ មុខរបរ រួមទាំងប្រាក់ចំណេញដល់អាជីវក ដោយឡែកសម្រាប់អ្នកប្រើប្រាស់គឺមានសុវត្ថិភាពបន្លែគ្មានជាតិគីមី ។
ប្រសាសន៍បែបនេះ របស់លោកគួច ចំរើនបានធ្វើឡើងក្នុងពិធីផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នៃគម្រោងជំរុញផលិតកម្មស្បៀងខេត្តកំពង់ចាម កាលព្រឹកថ្ងៃ ពុធ ៧រោច ខែបឋមាសាឍ ឆ្នាំចនសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០១៨ ដោយមានវត្តមានលោក វេង សុខុន រដ្នមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទចូលរួមដែរ។
លោកគួច ចំរើន បានបន្តទៀតថា នៅក្នុងឆ្នាំ ១៩៧៩ កម្ពុជាគឺជាប្រទេស ដែលខ្វះខាតស្បៀងអាហារ សម្រាប់ប្រជាជននក្នុងប្រទេស ។ តែក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបច្ចុប្បន្នកំពុងតែយកចិត្តទុក ដាក់ក្នុងការកែទម្រង លើវិស័យកសិកម្ម ដោយលើកកំពស់ និងជំរុញដល់ប្រជាកសិកររបស់យើង អោយពួកគាត់ខិតខំធ្វើផលិត និងដាំដុះទិន្នផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ព្រោះវិស័យកសិកម្ម គឺជាចំណែកមួយដែលមានសារៈសំខាន់ ខ្លាំងបំផុតរបស់កម្ពុជាដែលមិនអាចខ្វះបាន។ ដោយសារតែកាលមុន យើងមានការលំបាកដោះស្រាយ នូវអ្វីដែលជាការខ្វះខាតអំពីផលកសិកម្មរបស់យើង សម្រាប់បំរើនៃការ ប្រើប្រាស់របស់ប្រជាពលរដ្ឋរបស់យើង តែនាពេលនេះ អ្វីដែលជាកង្វល់នោះគឺកសិផលរបស់យើងមានសំណល់ច្រើន។ដោយឡែក នៅក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម ក្នុង១ឆ្នាំៗ ផលិតផល ស្រូវ សល់ប្រមាណ ជាង ២០ម៉ឺនតោន ដែលចំណុចនេះគឺជាកង្វល់ថ្មី មួយទៀត សម្រាប់យើងទាំងអស់។ ទោះជាយ៉ាងណា យើងកំពុងតែស្វែងរកទីផ្សារធំៗដើម្បីនាំផលិតផលនោះ ទៅលក់នៅក្រៅស្រុក ។
ទន្ទឹមនឹងនេះ លោកអភិបាល បានផ្តាំផ្ញើ និងស្នើសុំដល់ពលរដ្ឋគ្រប់រូបត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលយើងមាន ដែលបងប្អូនបានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឲ្យចាកចេញពីភាពក្រីក្រ និងបាន រីកចម្រើនជាលំដាប់ ជាពិសេស ត្រូវចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ខែកក្តដាខាងមុខនេះឲ្យបានគ្រប់ៗគ្នា សម្រាប់ខ្លួនយើង កូនចៅយើងរកស៊ីចិញ្ជឹមជីវិតកាន់តែល្អប្រសើរ យើងត្រូវតែប្រឆាំងដាច់ខាត់រាល់សកម្មភាពបដិវត្តន៍ពណ៌ និងទង្វើរទាំងឡាយណាដែលបំផ្លិចបំផ្លាញនូវសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន៕