លោកហ៊ុន ម៉ានី ជំរុញអាជ្ញាធរខេត្តមណ្ឌលគីរីផ្តល់ការអប់រំឲ្យបានល្អដល់កុមារ និងយុវជនជនជាតិដើមភាគតិច
លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានជំរុញអាជ្ញាធរខេត្តមណ្ឌលគិរី លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋជនជាតិភាគតិច និងផ្តល់ការអប់រំដល់កុមារតូច អោយបានល្អនិងមានប្រសិទ្ធភាព ដោយធ្វើការពិភាក្សា លើយន្តការជំរុញការចូលរៀន កម្មវិធីសិក្សា និងគុណភាពអប់រំ។
លោក បានគូសបញ្ជាក់ថា ការទទួលបានការអប់រំ ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។ សិទ្ធិនេះមានចែងក្នុង ច្បាប់ស្តីពីការអប់រំ និងមាននៅក្នុងមាត្រា៦៨ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ប្រជាពលរដ្ឋ ត្រូវទទួលបានការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ»។
ការលើកឡើងរបស់លោកហ៊ុន ម៉ានី បែបនេះ នៅក្នុងឱកាស ឯកឧត្តម បានដឹកនាំសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ចុះបំពេញបេសកកម្មសិក្សាស្វែងយល់វិស័យការងារ ដែលគណៈកម្មការទទួលខុសត្រូវ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ហើយបានជួបពិភាក្សាការងារជាមួយ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងប្រ ធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនទៀត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ខេត្តមណ្ឌលគីរី មានប្រជាជនជនជាតិដើមភាតិចចំនួន ១០ក្រុម ស្មេីនឹង ៧០% នៃពលរដ្ឋសរុបទាំងអស់ក្នុងខេត្ត។ ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ដោយសារមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តមណ្ឌលគិរី ទទួលបានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ គួរឲ្យកត់សំគាល់។ ជាពិសេស វិស័យអប់រំ វប្បធម៌ ធម្មការ និងទេសចរណ៍។
លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំ របស់ឯកឧត្តមអភិបាលខេត្ត។ ប្រធានគណៈកម្មការជំនាញ រដ្ឋសភា បានលើកទឹកចិត្ត និងជំរុញអាជ្ញាធរខេត្តបន្តខិតខំថែរក្សាភាពសុខដុមរមនានៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាតិសាសន៍ និងលើកកម្ពស់ជីវភាព ពលរដ្ឋបន្តទៀត។
បន្ទាប់ពីជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តរួចមក ប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភាបានចុះជួប សំណេះសំណាល ស្វែងយល់សុខទុក្ខ ប្រជាពលរដ្ឋ ជនជាតិដើមភាគតិចដោយផ្ទាល់ ព្រមទាំងបាន ទស្សនាការសម្តែងសិល្បៈជនជាតិភាគតិចផងដែរ។