ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យស្ពានជ្រោយចង្វារ មុននឹងដាក់សម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី៣ ខែមេសា ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន

364

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងកាលពីរសៀលថ្ងៃទី០១មេសាឆ្នាំ ២០១៩នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យស្ថានភាពជាក់ស្តែងនៅលើស្ពានជ្រោយចង្វាដែលគ្រោងនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ០៣ មិនាឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

  ក្នុងឱកាសនៃការចុះពិនិត្យនោះផងដែរ លោកឃួង ស្រេងក៏បានធ្វើការណែនាំឲ្យមន្ត្រីនិងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ។

  ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ និង១៦ មេសា ឆ្នាំ២០១៩ខាងមុខនេះ។

  ពិធីសម្ពោធនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

    ការស្តារទ្បើងវិញស្ពានជ្រោយចង្វាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។

   មន្ត្រីរដ្ឋបាលរាជធានី បានបញ្ជាក់ថា គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ បានប្រើរយៈពេលប្រមាណ២១ខែ។ប៉ុន្តែយើងសាងសង់ត្រឹមតែ១៩ខែប៉ុណ្តោះបានរួចរាល់ជាស្ថាពរ។

   គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា មានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។

     ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់១០០ភាគរយ គ្រោងនឹងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរខ្មែរខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង