ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ស្នើ​ដល់​គណ​បក្ស​នយោបាយ បេក្ខជន និង​អ្នក​គាំទ្រ ​ត្រូវ​ប្រកាន់​ខ្ជាប់​ជំហរ ​ចាស់​ទុំ ​ខាង​នយោបាយ​ក្នុង​ការឃោសនា​បោះ​ឆ្នោត

110

ភ្នំពេញ៖ ដើម្បីធានាឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា លោកឯម សូផាត សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះគណៈកម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពនិងអនុវត្តន៍ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបទបញ្ជា និងនីតិវិធី គោលការណ៍ណែនាំ និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប ជាពិសេស គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ ទាំងអស់ប្រកាន់ខ្ជាប់ជំហរចាស់ទុំ ខាងនោយបាយក្នុងការឃោសនាបោះឆ្នោត។

ការអំពាវនាវនេះធ្វើឡើងនៅចំពោះមុខ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងគណបក្សនយោបាយ អ្នកជំនាញការចៃកា ជំនាញការកយការ និងអ្នកសារព័ត៌មាន សរុបចំនួន៧០នាក់ ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំអង្គប្រជុំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប ។

លោកឯម សូផាត បានបន្ថែមថា ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត មានទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។

លោកបានសង្កត់ធ្ងន់ថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អាចហែរក្បូនព្យុហយាត្រា នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន៤ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយការហែរក្បូននេះ មិនត្រូវអនុញ្ញាតឲ្យធ្វើឆ្លងរាជធានី ខេត្តទេ។

ចំពោះបណ្តឹងពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោតវិញ លោក សូផាត បានមានប្រសាសន៍ថា ពាក្យបណ្តឹងពាក់ព័ន្ធនឹងជនដែលមិនមែនជាមន្រ្តីបោះឆ្នោត ឬគណបក្ស ត្រូវធ្វើឡើងជា៤ដំណាក់កាល៖ ការប្តឹង និងដោះស្រាយបណ្តឹងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការប្តឹង និងដោះស្រាយបណ្តឹងនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ការប្តឹងនិងដោះស្រាយបណ្តឹងនៅគ.ជ.ប ការប្តឹងនិងដោះស្រាយបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ហើយការឃោសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោត ទាំងអស់ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត៕

  

អត្ថបទដែលជាប់ទាក់ទង