ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ រួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ

181


ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការការខិតខំបន្តជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩ ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៩។

បើកម្ពុជាទប់ស្កាត់ការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍បាន ១០ភាគរយ បន្ថែមទៀត កម្ពុជានឹងអាចចំណេញបានប្រមាណ ៤០០លានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នយើងនៅមានការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍ប្រមាណ ២៥ភាគរយ នៅឡើយ។ លោកថា ការធ្លុះធ្លាយទូទៅក្នុងវិស័យទេសចរណ៍នេះ នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏នៅតែមានប្រមាណ ១៥ភាគរយ ដូចជា ការនាំចូលស្រាល្អៗជាដើម។

ដោយឡែក ក្នុងសុន្ទរកថាបើកសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលដៅយុទ្ធសាស្ត្រ ៤ វិស័យអាទិភាព ៤ អភិក្រម ៥ បាវចនា ២ របស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រទេសចរណ៍សម្រាប់ត្រីមាសទី២ និងឆ្នាំ២០១៩។ សន្និបាតក៏បានស្តាប់របាយការណ៍លម្អិតអំពីលទ្ធផល និងផែនការទិសដៅការងាររបស់នាយកដ្ឋាននីមួយៗផងដែរ។

ពាក់ព័ន្ធនឹងការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍នេះ លោករដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់គោលដៅទេសចរណ៍ ត្រូវខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវ អនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺការរៀបចំឱ្យមានការអភិវឌ្ឍន៍ ខ្សែក្រវាត់បៃតង ការខិតខំផលិតនូវផលិតផលដែលមានគុណភាព និងសោភ័ណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍ជាតិ-អន្តរជាតិ ដែលរាប់តាំងពីគ្រឿងសង្ហារឹម ផលិតផល សិប្បកម្ម កសិកម្ម ម្ហូបអាហារបន្លែ សាច់ ផ្លែឈើ ផ្កាជាដើម ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានច្រើន ចំពោះការការនាំចូលពីខាងក្រៅ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពន្យល់ថា ការធ្លុះធ្លោយថវិកាក្នុងវិស័យទេសចរណ៍នេះ មិនមែនកើតឡើងដោយសារអំពើពុករលួយ ឬការបាត់ថវិកាអ្វីនោះទេ គឺកើតឡើងដោយសារការ នាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ដើម្បីយកមកបម្រើដល់វិស័យទេសចរណ៍ ដូចជាការនាំស្រាល្អៗ បន្លែ សាច់ សូម្បីការទិញសង្ហារឹម និងការទិញដែកពីក្រៅប្រទេសយកមកធ្វើសណ្ឋាគារ ក៏គេចាត់ទុកជាការធ្លុះធ្លាយផងដែរ។

ហេតុដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាជំរុញផែនការនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែច្រើន ខណៈកម្ពុជារំពឹងទុកថា នឹងទទួលបានចំណូល ៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងរំពឹងថានឹងបានប្រមាណ ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

សូមជម្រាបថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជា មាសបែតង ដែលបាននាំថវិកាចាក់ បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣៦៣៨លានដុល្លារ នៅឆ្នាំ២០១៧ និងប្រមាណ ៤៣៥៦លានដុល្លារ នៅឆ្នាំ២០១៨ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង