ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំងស្បែកខ្មៅតស៊ូជាមួយឌុន រដ្ឋា លើសង្វៀនអាស៊ីអាគ្នេយ៍

160

​ភ្នំពេញ: លើសង្វៀនអាស៊ីអាគ្នេយ៍ យប់ថ្ងៃទី៧កក្កដា អ្នកប្រដាល់មិនសូវល្បីឈ្មោះកម្ពុជា ឌុន រដ្ឋា ក្លិបអេភូថងកីឡា នឹងប្រកួតជាមួយអ្នកប្រដាល់បារាំងស្បែកខ្មៅ ហាត់នៅស្រុកថៃ ឈ្មោះណាសេ(NASER) ។

​អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៧១គីឡូក្រាម ។អ្នកប្រដាល់បារាំងរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង ពីរដងដែរ សមត្ថភាពរបស់គេសមល្មម ជាមួយនឹងសមត្ថភាពរបស់រដ្ឋាដែរ ។ រដ្ឋា ជាអ្នកប្រដាល់ជើងចាស់មួយរូប ដែលមិនសូវជាមានឈ្មោះ បោះសំឡេងនោះទេ មិនតែប៉ុណ្ណោះ ឱកាសប្រកួតក៏មិនសូវជាមានច្រើនដែរ ។

​អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៧ដង និងស្មើពិន្ទុ ៥ដង ។ គេមានស្នៀតជង្គង់ និង កែងល្អគ្រាន់បើ តែបើគេខ្លាំងដែរនោះ អាវុធរបស់គេបញ្ចេញ លែងរួចតែម្ដង ។ ​ចំពោះអ្នកប្រដាល់បារាំង នាសេវិញ ទោះបីគេជាជនជាតិអឺរុប ក៏ពិតមែនតែគេក៏ចេះប្រើជង្គង់ និង កែងដែរ ។

អ្នកប្រដាល់បារាំងស្បែកខ្មៅរូបនេះ ល្អកណ្ដាប់ដៃ និង ទាត់ ។ កណ្ដាប់ដៃរបស់គេធ្ងន់ ហើយវ៉ៃចេញចំគោលដៅបានល្អទៀតផង ។ណាសេមានប្រវត្តិប្រកួត ចំនួន៣៦ដង ឈ្នះ៣០ដង និងចាញ់៦ដង ។ ជំនួបមួយនេះមិនដឹងថា នរណាជាអ្នកជួបសំណាងល្អនោះឡើយ ។

​អ្នកប្រដាល់ជើងចាស់សុខ សុវណ្ណ ដែលមួយរយៈនេះ មិនសូវមានឱកាសបានឡើង សង្វៀនប្រកួតនោះត្រូវបានដាក់ ឲ្យប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃ​ ផាត ស្រះកែវ(Phat Srakeo) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

​សុវណ្ណ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតរបស់គេ មិនសូវជាបានទទួលជោគជ័យឡើយ ដោយសារតែអញ្ចឹង ហើយទើបគេមិនសូវមានឱកាស បានឡើងសង្វៀនប្រកួតនោះ ។ សុវណ្ណ មានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដងចាញ់១៤ដង និងស្មើពិន្ទុ ៣ ដង ។ គេជាអ្នកប្រដាល់ចិត្តធំ និង ក្លាហានណាស់ តែពេលនេះកម្លាំងរបស់គេឆាប់ស្រុតចុះខ្លាំងណាស់ ។

​ចំពោះផាត ស្រះកែវវិញនេះ ជាលើកទី២ ហើយដែលគេមកប្រកួត នៅស្រុកខ្មែរ ។ កាលពីមកលើកទី១ គេប្រកួតបានស្មើពិន្ទុ ជាមួយអ្នកប្រដាល់កម្ពុជាសេក កឹមរូន ក្លិបអង្គរមានជ័យខេត្តសៀមរាប ។ មកលើកនេះ សុវណ្ណ ក៏ទំនងជាមិនស្រួលខ្លួន ជាមួយអ្នកប្រដាល់ថៃរូបនេះដែរ ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង ចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។ សុវណ្ណ តស៊ូជាមួយផាត ស្រះកែវបានឬទេ ?៕

អត្ថបទដែលជាប់ទាក់ទង