ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារដែកមិនប្រយ័ត្ន បង្កអោយមានជាអគ្គីភ័យឆាបឆេះ ផ្ទះ២ខ្នងអស់ហ្មត់ទាំងស្រុង នៅសង្កាត់និរោធ

73


រាជធានីភ្នំពេញ ៖ លំនៅឋានពលរដ្ឋ២ខ្នងផ្ទះ ដែលជាផ្ទះសម្រាប់ធ្វើកុងម៉ាសែនសម្រាប់លក់ ត្រូវមហន្តរាយអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៦ និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិតាងូវក្រោម តាមបណ្តោយផ្លូវបាស្ព័រ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លំនៅឋានទាំង២ខ្នងដែលឆាបឆេះខាងលើ មួយខ្នងជាប្រភេទឃ្លាំងសង់ឡើងពីដែកប្រក់ដំបូលសង្ក័សី និងមួយខ្នងទៀតជាប្រភេទផ្ទះល្វែង ដែលលំនៅឋានទាំង២ មានម្ចាស់រួមតែមួយ ។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ក្រុមកម្មករ បាននាំគ្នាផ្សារដែក លុះផ្សារបានមួយសន្ទុះ ក៏ខ្ទាតកម្ទេចភ្លើងទៅលើកុងម៉ាឈើដែលទុកនៅក្បែរនេាះ បណ្តាលអោយឆាបឆេះឡើង រាលដាលដល់កុងម៉ាឈើផ្សេងៗជាច្រើនដែលតម្រាបនៅក្បែរនេាះ បង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ តែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង នាំគ្នាជួយទំនាក់ទំនងទៅកាន់ អាជ្ញាធរមូលដ្ឋានអោយចុះជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរចម្រុះ មាននគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងប្រជាការពារ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមទាំងរថយន្តពន្លតើអគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ នៅវេលាម៉ោងជិត៧យប់ថ្ងៃខែដដែល ដោយបានបំផ្លាញលំនៅឋានទាំង២ខ្នងខាងលើអស់ហ្មត់ទាំងស្រុង រួមទាំងបំផ្លាញសម្ភារះ និងទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ ។

ក្នុងហេតុការណ៍គ្រេាះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អស់ជិត២០គ្រឿង នឹងប្រើប្រាស់ពេលវេលាជិត២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។ ក្នុងករណីដដែលនេះ ពំុមានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ហើយក៏ពំុមានការរាលដាលដល់លំនៅឋានដទៃផ្សេងទៀត ក្រៅពីលំនៅឋានទាំង២ខាងលើ ។

ករណីអគ្គីភ័យនេះ គឺមាន ម្ចាស់ឈ្មោះ: គីម​ ហេង​ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ: ធ្វើ សិប្បកម្មផលិតសម្ភារះកុងម៉ា មូលហេតុៈ កំពុងស្រាវជ្រាវជាមួយការិយាល័យជំនាញអគ្គី ។ ប្រភេទសំណង់: ឃ្លាំងថ្មរបេតុងប្រក់ស័ង្កាសី ​ទំហំ ១០ម៉ែត្រx១៨ម៉ែត្រ។ ខូចខាត: ឆេះឃ្លាំង​ ទំហំ១០ម៉ែត្រx១៨ម៉ែត្រ​ សម្ភារ:ប្រេីប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង​ និងពុំឆេះរាលដាលដល់ផ្ទះអ្នកក្បែខាងឡេីយ​ ។
រថយន្តមកពីការិយាល័យអគ្គិភ័យ: ចំនួន ១០ គ្រឿង ប្រេីប្រាស់ទឹកអស់​ ៥០ឡាន ស្មេីនឹង ២០០ ម៉ែត្រគូប ។ រថយន្តជំនួយ:-​រថយន្ត​អគ្គិភ័យ​បញ្ជាការដ្ឋានអង្គ​រក្ស​ចំនួន ០៥ គ្រឿង ប្រេីប្រាស់ទឹកអស់៥ឡាន ស្មេីនឹង ២០ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ៤ គ្រឿង ប្រេីប្រាស់ទឹកអស់៤ឡាន ស្មេីនឹង ១៦ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង ៤ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង ៤ ម៉ែត្រគូប ។ ពន្លត់ចប់នៅម៉ោង ១៧:៣០នាទីល្ងាច​ថ្ងៃខែឆ្នាំដដែល៕


អត្ថបទដែលជាប់ទាក់ទង