ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា បានមព្រមព្រៀងទទួលយកសំណងរដ្ឋប្បវេណីចំនួន៧ម៉ឺនដុល្លារ
ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា នៅព្រលប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ បានព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិចដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ។
ការព្រមព្រៀងនេះធ្វើឡើង នៅក្នុងការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសងខាង ជាសាក្សី ។
ក្រុមមេធាវីបានបញ្ជាក់ជូនសាធារណជនឲ្យបានដឹងថា ការទទួលយកប្រាក់ចំនួន៧ម៉ឺនដុល្លារនេះ គឺជាសំណងផ្នែករដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក នៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដដែល។ ភាគីជនរងគ្រោះបានបញ្ជាក់ច្បាស់ថា ការទទួលយកសំណងនេះ គឺជាការព្រមព្រៀង ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬក្រោមការបង្គាប់បញ្ជារ ណាមួយឡើយ ភាគីរងគ្រោះបានទទួលការការពារយ៉ាងកក់ក្តៅបំផុត ពីសំណាក់មេធាវីរបស់សម្តេចតេជោ ឯថវិកា ដែលជាសំណងនេះ គឺពុំមានកាត់យកភាគរយ ឬចែកចំណែកទៅឲ្យបុគ្គលណាមួយឡើយ ហើយមេធាវីរបស់សម្តេចតេជោ ជួយការពាររកយុត្តិធ៌ម ក៏មិនទទួលយកប្រាក់កំរៃសេវ៉ាអ្វីទាំងអស់ដែរ។ ភាគីរងគ្រោះ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលសម្តេចបានជួយគិតគូរ បង្កើតមេធាវីសម្រាប់ជួយការពារដល់អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួលបានសិទ្ធិ ស្មើៗគ្នា ចំពោះមុខច្បាប់ ។
តែវាសនាអ្នកបើកបររថយន្ត 2AF-7777 នាង យិន ម៉ាណា នឹងទៅជាយ៉ាងណារង់ចាំតាមដានទាំងអស់គ្នា៕