ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គេធ្វើនយោបាយ ដើម្បីស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងធ្វើនយោបាយ មកលាបពណ៌គេ សុទ្ធតែបក្សទប់ជើងគ្រែ

114


កណ្តាល៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គេធ្វើនយោបាយ ដើម្បីស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងបែរជាមកធ្វើនយោបាយលាបពណ៌គេរហូត ហើយថាសុទ្ធតែបក្សទាំងនោះជាបក្សអាយ៉ង បក្សអំពិលអំពែក បក្សអាប បក្សទប់ជើងគ្រែ បក្សរណ​ប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត៣ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សូមក្មួយបញ្ជាក់ឲ្យបានច្បាស់បន្តិច មិនប្រាកដទេសម្រាប់អ្នកដែលសន្យា ហើយអ្នកដែលសន្យាគឺវាងាយណាស់ គេសន្យាឲ្យប៉ុន្មានគឺស្រេចតែនឹងគេ ដល់ពេលដែលគេបានអំណាច គេអាចបកក្បាលមកសម្លាប់ក្មួយៗ និងសម្លាប់ប្រជាជនយើងវិញ ដូចប៉ុលពត និងលន់នល់ អីចឹង ។ ប៉ុន្តែឥឡូវយើងបានធ្វើតាំងពីប្រទេសយើង មានប្រជាជនត្រឹមតែប្រាំលាននាក់ ហើយឥឡូវនេះប្រជាជនកម្ពុជា មានជាង១៥លាននាក់ ។ ចំនួននេះ មិនមែនជាចំនួនតួចតាចនោះទេ ។ យើងធ្វើតាំងពីប្រជាជន៥លាននាក់ ឬច្រើនជាង៥លាននាក់ ដែលអត់អង្ករស៊ី តែឥឡូវប្រជាជនឡើងដល់ជាង១៥លាននាក់ ហើយបាននាំអង្ករចេញ ។ ដូច្នេះតើយើងចង់បានអ្វីទៀត យើងចង់ដូរអ្វីទៀត មិនប្រាកដថាអាអ្នកថ្មីវាមានលទ្ធភាព លើសអ្នកចាស់នោះទេ ។ ធនធានមនុស្សរបស់គេនៅទីណា ហើយវាកាន់តែគ្រោះថ្នាក់ទៅទៀត ហើយវាកាន់តែលំបាកទៅទៀតនោះ គឺការបង្កើតនូវស្ថានភាព កម្ពុជាចៀសមិនផុតពីសង្រ្គាមនោះទេ ប្រសិនបើអាបក្សចង្រៃមួយនោះ វាមិនត្រូវបានផ្តន្ទាទោស ដោយរំលាយបក្សវានោះ ព្រោះអ្វី ព្រោះអាងអីឡើង អាងតែសងសឹកៗ នយោបាយចេញឡើងមកមានអញអត់ឯង មានឯងអត់អញ អ៊ីចឹង តើនរណាគេសុខចិត្ត គេមិនសុខចិត្តទេ គេដាក់អាយះក្បាលឥឡូវហ្នឹង កុំឆ្ងល់ពេក គ្មាននរណាគេឱ្យអ្នកឯង ធ្វើតាពីសតាពាសអ៊ីចឹងនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា គេធ្វើនយោបាយ គេស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងធ្វើនយោបាយលាបពណ៌គេរហូត ឥឡូវ១៩ គណបក្សនយោបាយ សុទ្ធតែអាយ៉ងទាំងអស់ ជេរពូសុទ្ធតែអាយ៉ងបរទេស ប៉ុន្តែជេរ១៩គណបក្សផ្សេងទៀត ជាបក្សអំពិលអំពែក បក្សអាប បក្សទប់ជើងគ្រែ បក្សរណ​ប ហើយបើយ៉ាប់ជាងគេ គឺបក្សទប់ជើងគ្រែ។

សម្តេចបានអះអាងថា ទោះបីជាគណបក្សទាំងនោះតូច ឬបក្សធំក៏ដោយ ក៏ពួកគេមានសិទ្ធិ​ ក្នុងការបង្កើតគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីដណ្តើមប្រជាប្រិយភាពដឹកនាំប្រទេស ដោយស្របច្បាប់។ គេមានសេរីភាពពេញលេញ ទោះបីជាកម្មវិធីនយោបាយ របស់ពួកគេយ៉ាងម៉េចក៏ដោយ។ សម្តេចទុកថាការរិះគន់របស់ អតីតមេបក្សប្រឆាំង គឺជារឿងដែលប្រមាថដល់គណបក្សដទៃ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា បើលាបពណ៌បែបនេះ គឺនរណាគាំទ្រខ្លួន គឺស្នេហាជាតិ មិនគាំទ្រខ្លួនគឺអាយ៉ងបរទេសទាំងអស់ ហើយបើអ៊ីចឹងៗសួរថា បង្រួបបង្រួមជាតិបែបណា ខ្ញុំមិនយល់ព្រមទេ ដូច្នេះហើយ ដែលឃើញស្ថានភាពដូច្នេះហើយ បានពូប្រកាសថា និងបន្តតំណែងក្នុងមុខងារជានាយករដ្ឋមន្រ្តី រយៈពេល១០ឆ្នាំយ៉ាងតិច ពូចង់វ៉ៃពួកអាចង្រៃ ដែលបំផ្លាញជាតិ បំផ្លាញឯកភាពជាតិ ឯកភាពទឹកដី ហើយហ៊ានរហូតដល់កាត់ទឹកដី៤ខេត្ត ឱ្យទៅបរទេសថែមទៀត ពូហ្នឹងតបតជាមួយអាហ្នឹង ដល់ទីបញ្ចប់។ ឥឡូវ គណបក្សចំនួន១៩ គណបក្សក្លាយទៅជាអាយ៉ងទាំងអស់ វាពូកែលាបពណ៌ហួសពេក នរណានៅជាមួយគេ គេហៅស្នេហាជាតិ នរណាទៅតាមបក្សដទៃ គឺអ្នកក្បត់ជាតិទាំងអស់ បើអ៊ីចឹងៗ តើគេសុខចិត្តទេ ពិតជាមិនអាចសុខចិត្តទេ។ ប្រទេសជាតិរបស់យើង ក្មួយៗត្រូវជា បើសិនសង្រ្គាមកើតឡើង សន្តិភាពជំនួសវត្តមាននៃសង្រ្គាម គ្មានទេដែលហៅថា ការងារ និងប្រាក់ចំណូល មានតែការរត់លូន ខាតបង់តែប៉ុណ្ណោះ ទាំងជីវិតមនុស្ស ទាំងសត្វ ទាំងទ្រព្យសម្បត្តិ៕

អត្ថបទដែលជាប់ទាក់ទង