អភិបាលខេត្តចុះផ្ទាល់ដល់ទីតាំងកើតហេតុនៃអំពើឃាតកម្មដ៏សែនព្រៃផ្សៃ ដោយឃាតករកាត់ក្បាល ជីដូននិងចៅស្រីទើបអាយុ៦ឆ្នាំយកទៅបាត់
កំពង់ចាម៖ វាពិតជារន្ធត់ពន់ពេកណាស់ ខណៈដែលគេឃើញជីដូននិងចៅស្រីទើបអាយុ៦ឆ្នាំប៉ុណ្ណោះត្រូវបានឃាតកចិត្តខ្មៅ សម្លាប់យ៉ាងព្រៃផ្សៃ ដោយកាត់ក្បាលទាំង២នាក់ហើយយកក្បាលទៅបាត់ បន្សល់ទុកតែដងខ្លួន នៅក្រោយផ្ទះ ចម្ងាយប្រមាណជា៣៥០ម៉ែត្រ។
អំពើឃាតកម្មដ៏សែនព្រៃផ្សៃនេះ បានកើតមានឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពាក់ព័ន្ធជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ៣៥ឆ្នាំ នៅនៅភូមិត្រពាំងបឹង ឃុំថ្មពូនថា បានបាត់ម្តាយឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំថ្មពូន និងក្មួយស្រីបង្កើតឈ្មោះ ខែង សាវឿន ភេទស្រី អាយុ៦ឆ្នាំ បានបាត់ចេញពីផ្ទះនៅព្រឹកថ្ងៃទី៣ ដោយមិនដឹងថា ចេញទៅទីណាទេ ហើយក៏សំណូមពរឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកគាត់ផង។បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់គាត់ភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ បានធ្វើការស្រាវជ្រាវរុករក ស្រាប់តែឃើញសាកសពជនរងគ្រោះទាំង២នាក់ នៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណជា៣៥០ម៉ែត្រ ដោយសាកសពនៅបែកពីគ្នា គ្មានក្បាលទាំង២នាក់។ ករណីឃាតកម្មនេះ ជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានឡើយ ដោយ ជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ។
ក្រោយពីទទួលដំណឹងដ៏ រន្ធត់នេះភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់កំណត់មុខសញ្ញាជនបង្ក យកមកផ្តន្ទាទោសទៅតាមច្បាប់៕