ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់តាំងពីឆ្នាំ 1992 អាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ជាង 600 លានដុល្លារ

176

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសថា
ចាប់តាំងពីឆ្នាំ 1992 ដល់ 2018រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានឥតសំណងទ្វេភាគីសរុបប្រមាណជាង 600 លានដុល្លារអាមេរិក។


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ ត្រៀម​សម្រាប់​កិច្ច​ចរចារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០១៩ នៅ​ទីក្រុង​ប៊ែក​ឡាំង​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាលឺ្លម៉ង់ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា
កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូអម​នាយករដ្ឋ​មន្រ្តី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(គ.ជ.នា/ក.អ.ក) និង​ជា​ប្រធាន​គណៈ​ប្រតិភូ​កម្ពុជា​សម្រាប់​កិច្ច​ចរចា​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ ឯកឧត្តម លោក លោកស្រី ដែល​ជា​ តំណាងជាន់ខ្ពស់ពីក្រសួង-ស្ថាប័ននៃរាជ​រដ្ឋាភិបាល​ចំនួន ៨ រួម​មាន៖ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ក្រសួង​មហាផៃ្ទ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ ក្រសួង​មុខ​ងារ​សាធារណៈ ក្រសួង​សុខា​ភិបាល ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្រសួង​ផែនការ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ គោល​ដៅ​ចម្បង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា និង​ឯកភាព​លើ​សេចក្តី​ព្រាង​របៀប​វារៈ កំណត់​ភារៈ​កិច្ចរបស់​ក្រសួង-សា្ថប័ន​តាម​របៀប​វារៈ​នីមួយៗ និង​បញ្ហា​ផ្សេងៗ ​ដើម្បី​ត្រៀម​សម្រាប់​កិច្ច​ចរចា​ជា​មួយ​ភាគី​មិត្ត​នា​ពេល​ខាង​មុខ។

គួរបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តែរៀបចំកិច្ចចរចាទ្វេភាគីស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជារៀងរាល់ 2 ឆ្នាំម្តង ហើយកិច្ចចរចានាឆ្នាំនេះគឺជាកិច្ចចរចាលើកទ 13 ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាពជាដៃគូក៏ដូចជាដើម្បីពិភាក្សានិងឯកភាពជាលើកចុងក្រោយលើសំណើគម្រោងកម្មវិធីអភិវឌ្ឍន៍នឹងការសន្យាផ្តល់ហិរញ្ញប្បទានរបស់
រាជរដ្ឋាភិបាលអាឡឺម៉ង់ដល់កម្ពុជាសម្រាប់រយៈពេល 2 ឆ្នាំ 2019 -2020 ដែលត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកាលពីខែវិច្ឆិកាឆ្នាំ 2018 កន្លងទៅ។ កិច្ចសហប្រតិការអភិវឌ្ឍន៍នេះផ្ដោតសំខាន់លើវិស័យអាទិភាពចំនួន 3 រួមមាន ១)វិស័យសុខាភិបាល(ការគាំពារសុខុមាលភាពសង្គមនិងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ) ២)វិស័យអភិវឌ្ឍន៍ជនបទ និង៣)វិស័យអភិបាលកិច្ចដែលសុទ្ធសឹងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី 4។

បើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់តាំងពីឆ្នាំ 1992 ដល់ 2018រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានឥតសំណងទ្វេភាគីសរុបប្រមាណជាង 600 លានដុល្លារអាមេរិកស្មើនឹងប្រមាណ 3 ភាគរយនៃទំហំហិរញ្ញប្បទានទាំងអស់ផ្ដល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។ ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទានដែលភាគីអាល្លឺម៉ង់ផ្ដល់ដល់កម្ពុជាតាមរយៈគម្រោងថ្នាក់តំបន់និងសកល សហភាពអឺរ៉ុបអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពហុភាគីដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង