ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានវែងជាងគេ តភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំនឹង ចាប់ផ្តើមសាងសង់នៅបំណាច់ឆ្នាំ២០១៩

298

ភ្នំពេញ៖ នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលកម្ពុជាមាន គម្រោងស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែង ៥៧គីឡូម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ជាមួយនឹងការស្ថាបនាផ្លូវមួយខ្សែនេះ ក៏មាន ការសាងសង់ស្ពានដែលឆ្លងកាត់ដៃទន្លេចំនួន ៣ មានប្រវែងរហូតដល់ទៅ៣៩០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ។
នៅក្នុងឱកាសបើកពិធី “បុណ្យទន្លេលើកទី ៥” នៅខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីថ្មីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំងទាំងអស់ឱ្យបានដឹងអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូម៉ែត្រពីស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ ក៏នឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ ៣៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន ២ បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឱ្យមានផលប៉ះពាល់ទៅដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាចរាចរណ៍ត្រី។ គម្រោងនេះគឺ បានសិក្សារួចហើយ ហើយមិនមានផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក និង ការបំលាស់ទីរបស់ត្រីនោះទេ ។
បើតាមការដកស្រង់ប្រេសាសន៍របស់ លោក វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូនបានឱ្យដឹងថា ស្ពានខាងលើ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេចនោះនឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ខាងមុខនេះ ។
នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលកម្ពុជាមានគម្រោងស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែង ៥៧គីឡូម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ជាមួយនឹងការស្ថាបនាផ្លូវមួយខ្សែនេះ ក៏មានការសាងសង់ស្ពានដែលឆ្លងកាត់ដៃទន្លេចំនួន ៣ មានប្រវែងរហូតដល់ទៅ ៣ ៩០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នស្ពានដែលវែងជាងគេនៅក្នុងប្រទេស កម្ពុជាគឺស្ពានអ្នកលឿងមានប្រវែង ២,២១៥ ម៉ែត្រ ដែលចំណាយថវិកាសាងសង់ប្រមាណជា ១៣០ លានដុល្លារអាមេរិក។ ហើយគម្រោងស្ពានឆ្លងដៃទន្លេចំនួន៣ ដែលតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣៩០០ម៉ែត្រ តាមគម្រោងនឹងចំណាយថវិកាក្នុងការសាងសង់ចំនួន ២០០លានដុល្លារ ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង