លំហាត់មហារំអិល១៩ រួមចំណែកលើកកំពស់ និងពង្រឹងសមត្ថភាពដល់នាយទាហានលើ សន្តិសុខលំហរសមុទ្រ
គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានអនុវត្តធ្វើលំហាត់ហ្វឹកហ្វឺនបង្ក្រាបក្រុមចោរប្លន់លើនាវាដឹកប្រេង និងសង្គ្រោះលើផ្ទៃសមុទ្រ ដែលមានឈ្មោះថា៖ មហារំអិល១៩ រួមជាមួយ នឹងដំណើរទស្សនៈកិច្ចស្វែងយល់របស់គណៈប្រតិភូគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ទៅកាន់ទីតាំងកោះគូស្រូវី ហៅកោះឆ្លាម ស្ថិតនៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ ព្រមទាំងមានការចូលរួមពីអនុពន្ធ័យោធាបណ្តាប្រទេសជាមិត្ត ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនាការធ្វើលំហាត់មហារំអិល១៩ ដែលការរៀបចំដំណើទស្សនៈកិច្ចសិក្សានេះ ក្នុងគោលបំណងផ្តល់ឱកាសជូនគណៈប្រតិភូបានស្វែងយល់អំពីសក្តានុពល នៃធនធានធម្មជាតិនៅក្នុងលម្ហរសមុទ្រកម្ពុជា។ លំហាត់មហារំអិល១៩ ដែលបានធ្វើការហ្វឹកហាត់ជាលើកទី២នេះ និងបានរួមចំណែកលើកកំពស់ និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តិច្បាប់របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ។ នៅក្នុងលំហាត់មហារំអិល១៩ នេះមានការចូលរួមហ្វឹកហាត់ពីកម្លាំងចម្រុះរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ រួមមាន៖ កំលាំងរបស់ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម កម្លាំងមកពីក្រសួងបរិស្ថាន កំលាំងមកពីកងនគរបាលព្រំដែនទឹក របស់កងនគរបាលជាតិ មានការចូលរួមពីក្រុមស្រាវជ្រាវមុជទឹកបាតសមុទ្រ របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ និងមានការចូលរួមពីកម្លាំងមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្លាំងមកពីរដ្ឋបាលជលផល កងកម្លាំងមកពីមូលដ្ឋានសមុទ្ររាម របស់កងទ័ពជើងទឹក និងកម្លាំងរបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ។ ការធ្វើលំហាត់មហារំអិល១៩ នាពេលនោះ បានបង្ហាញជូនគណៈប្រតិភូទស្សនាអំពីការបង្រ្កាបក្រុមចោរប្លន់លើនាវាដឹកប្រេង និងសង្រ្គោះលើផ្ទៃសមុទ្រ ដោយប្រើយន្តហោះស៊ើបការណ៍ទៅលើនាវា ដែលក្រុមចោរបានចាប់ជំរិត បន្ទាប់ពីបានទទួលព័ត៌មានពីទីបញ្ជាការជួរមុខ ហើយទីបញ្ជាការជួរមុខរបស់គណៈកម្មធិការជាតិសន្តិសុខលម្ហរសមុទ្រ បានដឹកនាំបញ្ជាដើម្បីដោះចំណាប់ខ្មាំង។ ការធ្វើលំហាត់នាពេលនោះ ក៏បានបង្ហាញពីការតាមដានសកម្មភាពឃ្លាំមើលស្រាវជ្រាវប្រមូលព័ត៌មានរៀបចំកម្លាំង និងមធ្យោបាយសម្រាប់ប្រដេញស្ទាក់ចាប់កម្លាំងគេចខ្លួន របស់ក្រុមចោរ បង្កើតសកម្មភាពឃ្លាំមើល និងការដាក់ផែនការប្រើប្រាស់កំលាំង បង្ក្រាបអោយបានទាន់ពេលវេលា។
ក្នុងឱកាសនោះបន្ទាប់ពីបានទស្សនាការធ្វើលំហាត់ហ្វឹកហ្វឺនបង្ក្រាបក្រុមចោរប្លន់លើនាវាដឹកប្រេង និងសង្គ្រោះលើផ្ទៃសមុទ្រ ដែលមានឈ្មោះថា៖ មហារំអិល១៩ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ បានទៅសាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវឹក វរសេនាតូចលេខ២ បញ្ជាការដ្ឋានកងការពារកោះឆ្នេរ របស់កងទ័ពជើងទឹក ដែលកំពង់បំពេញភារកិច្ចការពារបូរណភាពទឹកដី ដែនទឹក នៅលើកោះគូស្រូវី ហៅកោះឆ្លាម ស្ថិតនៅក្នុងខេត្តកោះកុងជាបន្តទៀត។ ក្នុងឱកាសចុះត្រួតពិនិត្យការធ្វើលំហាត់មហារំអិល១៩នាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់អោយដឹងថា៖ នេះជាការធ្វើលំហាត់លើកទី២ ដោយគណៈកម្មាធិការជាតិសន្តិសុខ លម្ហរសមុទ្របានជ្រើសរើសយកភូមិសាស្ត្រផ្ទៃសមុទ្រក្បែរកោះគូស្រួវី ក្នុងខេត្តកោះកុង អនុវត្តលំហាត់មហារំអិល១៩ ដើម្បីបង្កើនសមត្ថភាពកំលាំងចំរុះរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ អោយកាន់តែមានសមត្ថភាព មានការយល់ដឹងច្បាស់លាស់ និងមានភាពស្ទាត់ជំនាញ។ សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែមថា៖ ប្រសិនបើក្នុងករណីមានហេតុការណ៍បែបនេះកើតឡើង ដូចប្រធានបទដែលយើងបានធ្វើលំហាត់មហារំអិលនេះ កំលាំងរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ នឹងអនុវត្តភារកិច្ចយ៉ាងមានប្រសិទ្ធភាព។ សម្តេចពិជ័យសេនា ក៏បានសំដែងនូវការកោតសរសើរចំពោះកងទ័ពជើងទឹក ដែលបានរៀបចំកសាងអង្គភាពនៅលើកោះគូស្រូវី ហៅកោះឆ្លាមបានល្អ ក្នុងកិច្ចការការពារដែនកោះ ដែនទឹក និងការទប់ស្កាត់បទល្មើសនានាលើផ្ទៃសមុទ្ររបស់យើង ៕