ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះទៅដល់ណា ក៏អភិបាលខណ្ឌពោធិសែនជ័យ មិនភ្លេចសុខទុក្ខអ្នកស្រុកកំណើត

116

ខេត្តតាកែវ៖ទោះ បីទៅដល់ណាក៏អភិបាលខណ្ឌពោធិសែនជ័យមិនភ្លេចសុខទុក្ខអ្នកស្រុកកំណើតដែរជាក់ស្ដែងពេលនេះប្រជាពលរដ្ឋចំនួន៨០គ្រួសារ មកពីឃុំ ព្រៃផ្តៅ ឃុំ កាំងយ៉ាប ឃុំក្តាញ់ និង ឃុំ ចំប៉ា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលអំណោយពី អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៨។
ក្នុងនោះលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីនោះថា នេះជាទឹកចិត្ត និងសេចក្តីស្រលាញ់ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពនៅទន់ទាបនៅឡើយ លោកនិងក្រុមការងារក៏បានអំពាវនាវដល់សប្បុរសជន រួមទាំងព្រះសង្ឃ នៅក្នុខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រមែប្រមូលថវិកានិងសម្ភារៈមួយ យកមកចែកជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ដែលលោកជួបនូវបញ្ហាខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។ អំណោយទាំងនោះមាន អង្ករ ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកអភិបាលខណ្ឌ ក៏បានជម្រាបផងដែរថា ការចែលរំលែកនេះ អាចកើតឡើងបានគឺអាស្រ័យដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍រីកចំរើន និងធ្វើឱ្យប្រជាពលរដ្ឋភាគច្រើន មានជីវភាពធូធារគួរឱ្យកត់សម្គាល់។ លើសពីនេះ ប្រទេសកម្ពុជា ក៏មានការទទួលស្គាល់ពីបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក មានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកពីគ្រប់ទិសទី បានមកទស្សនា និង មកបណ្តាក់ទុករកស៊ីគ្រប់វិស័យ នៅទូទាំងប្រទេស ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច និងត្រូវបានគេដាក់ឈ្មោះថាជាខ្លាអាស៊ីថែមទៀតផង។
លោកអភិបាលបានបញ្ជាក់ដែរថា៖ប្រទេសជាតិមានអ្វីៗគ្រប់បែបយ៉ាងដូចពេលនេះ គឺមិនអាចបំភ្លេច បាននូវគុណូបការៈរបស់វីរៈជនក្លាហាន មេដឹកនាំកំពូលៗ ជាពិសេស សម្តេចអគ្គមាហធម្មពោធិសាស ជា ស៊ីម សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និង សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់កម្ពុជាដ៏ឈ្លាវៃ ដែលនាំមកនូវសុខសន្តិភាព និងស្ថេរភាព ហើយកំពុងថែរក្សា ការពារ សន្តិភាពនេះឱ្យគង់វង្សយូអង្វែងតទៅទៀត។
ជាមួយគ្នានោះ លោក ហែម ដារិទ្ធ សុំឱ្យប្រជាពលរដ្ឋទាំងអស់គ្នា បន្តរួមគ្នាថែរក្សាសន្តិភាពដែលយើងមាន កុំឱ្យមានអ្នកណាមកបំផ្លិចបំផ្លាញបានឱ្យសោះ ។ ដើម្បីរក្សាសន្តិភាពនេះបាន សុំបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យគណបក្សនយោបាយណា ដែលបងប្អូនស្រលាញ់ និងគិតថាអាចជួយប្រទេសជាតិ ឱ្យបន្តអភិវឌ្ឍ ប្រជាជនមានសេរីភាព និងមានការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀតបាន។
លោកបានអំពាវនាវឱ្យប្រប្អូនប្រជាពលរដ្ឋ កុំចាញ់កលល្បិចភូតកុហក់របស់បុគ្គលណាមួយ ព្រោះ ថា រាល់ពេលមុនការបោះឆ្នោតមកដល់ តែងតែមានក្រុមអគតិមួយចំនួន មកបោកប្រាស់ ញុះញ៉ុង ក្នុងចេតនាធ្វើឱ្យមានការរាំងស្ទះ ក្នុងដំណើរបោះឆ្នោត ឬ ការអភិវឌ្ឍន៍នានាសម្រាប់ប្រទេសជាតិ។

ក្នុងថ្ងៃដដែលនោះដែរ លោក ហែម ដារិទ្ធ និងក្រុមការងារ ក៏បាននាំយកនូវទៀនវស្សា និងទ័យទានមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅវត្តព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស់ ខេត្តតាកែវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង