ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្តភ្ជាប់ចន្លោះគម្រោងរបស់អ៊ីតាលី និងគម្រោងជំហានដំបូងរបស់អាជ្ញាធរជាតិអប្សរា

74

គម្រោងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របទៅតាមគោលការណ៍នៃកិច្ចការអភិរក្ស។ ច្រាំងកសិន្ធុផ្នែកខាងលិចស្លាបខាងជើង ត្រូវបានជួសជុសដោយប្រទេសអ៊ីតាលីប្រវែង៨០ម៉ែត្រ (បញ្ចប់នៅឆ្នាំ ២០១៥) និងជួសជុលដោយអាជ្ញាធរជាតិអប្សរាជំហានដំបូងប្រវែង ៤០ម៉ែត្រ(បញ្ចប់នៅឆ្នាំ២០១៧)។ យ៉ាងណាគម្រោងជួសជុលទាំងពីរកន្លងមកពុំទាន់បានភ្ជាប់គ្នានៅឡើយ ដូច្នេះពេលនេះអាជ្ញាធរជាតិអប្សរាមានគោលបំណងជួសជុលកសិន្ធុប្រាសាទអង្គរវត្តដើម្បីតភ្ជាប់ចន្លោះប្រវែង១០ម៉ែត្រនៃគម្រោងទាំងពីរ។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ អ្នកគ្រប់គ្រងនៅការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុលច្រាំងកសិន្ធុប្រវែង ១០ម៉ែត្រនោះ គឺនៅទីតាំងបង្ហូរទឹករបស់បារាំងពីត្រពាំងសេះចូលក្នុងកសិន្ធុដែលជាចំណុចកណ្ដាល ឬភ្ជាប់គម្រោងទាំងពីរមិនទាន់មានការជួសជុលនៅឡើយ។ ទើបពេលនេះអាជ្ញាធរជាតិអប្សរា ជួសជុលដើម្បីបំពេញចំណុចដែលនៅជាចន្លោះប្រហោងនៃច្រាំងកសិន្ធុនេះ។ តាមការបញ្ជាក់របស់អ្នកជំនាញ គម្រោងនេះនឹងប្រើពេល ៦ខែ ដោយចាប់ពីខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ២០១៩។

ចំពោះបច្ចេកទេសជួសជុល បន្ទាប់ពីកំណាយស្រាវជ្រាវ បានឱ្យអ្នកជំនាញដឹងថា ចាស់បុរាណកសាងច្រាំងកសិន្ធុដោយដីបុកបង្ហាប់បាតគ្រឹះក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរាបានជ្រើសយកបច្ចេកទេសបុរាណមកអនុវត្ត ដោយកាយយកដីចាស់ ដីស្អុយចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដីដែលបានពីកម្ទេចថ្មបាយក្រៀម ដីឥដ្ឋ កំបោរស។ ចំពោះគ្រឹះ គឺបានពង្រីកទំហំគ្រឹះចាស់៨០សង់ទីម៉ែត្រទៅ១២០សង់ទីម៉ែត្រ ហើយជម្រៅគ្រឹះទៅក្រោម៣០សង់ទីម៉ែត្រទៅ៨០សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំកសិន្ធុរឹងមាំបានល្អ។

ក្រៅពីពង្រឹងគ្រឹះហើយ អ្នកជំនាញក៏បានពង្រឹងរចនាសម្ពន្ធច្រាំងកសិន្ធុដោយប្រើថ្មបាយក្រៀមថ្មីជំនួសថ្មបាយក្រៀមចាស់ដែលពុកផុយមិនអាចប្រើឡើងវិញបាន ហើយបានរៀបជាជណ្ដើរចំនួន ៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម១សង់ទីម៉ែត្រសម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការរក្សាលំនឹងឱ្យបានល្អមិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយអររាវ ដើម្បីការពារជម្រាបទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។ រីឯថ្មភក់ដែលរៀបនៅផ្នែកខាងលើថ្មបាយក្រៀម មាន៥កាំ ក៏រៀបទៅតាមលំនាំដើម ដោយប្រើថ្មដែលមានស្រាប់ និងថ្មជំនួសថ្មីដែលមិនអាចទ្រទម្ងន់បានទៀត ហើយបិទភ្ជាប់ថ្មដោយបាយអរម្សៅ ដើម្បីផ្ជឹតស្នាមមិនឱ្យទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ខូច។

លោកស្រី បូរ៉ាវី ក៏បានបញ្ជាក់ដែរពីមូលហេតុសំខាន់ៗដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កសិន្ធុអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងរងនូវការខូចខាតយ៉ាងខ្លាំង គឺដោយសារតែអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលពីទីតាំងដើម។ល៕

អត្ថបទដែលជាប់ទាក់ទង