ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីមាសទី១ ពន្ធដារ ប្រមូលចំណូល បានជាង៨៣៤លានដុល្លារ

139

ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារបាន ប្រមូលចំណូលពន្ធ ចំនួន ៣៣៣៩,០៧ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៨៣៤,៧៧ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៤ ខែមេសានេះ។

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់បន្តអនុវត្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់អំពីកិច្ចខិតខំអនុវត្តនូវការធ្វើកំណែទម្រង់គោលនយោបាយ និងកំណែទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធដារ ដែលជាកត្តាជំរុញឱ្យសម្រេចបាននូវ លទ្ធផលនិងសមិទ្ធផលជាច្រើន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករ លោកបានបញ្ជាក់ថា សម្រាប់ខែមីនា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១៩០៤,១៦ ប៊ីលានរៀល (ប្រមាណជា៤៧៦,០៤លានដុល្លារអាមេរិក) ស្មើនឹង២០,៨០ភាគរយ នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០១៨ ឃើញថាកើនឡើងចំនួន ១១៨,០៧ប៊ីលានរៀល (ប្រមាណជា២៩,៥២ លានដុល្លារអាមេរិក) ស្មើនឹង ៦,៦១ភាគរយ។ សរុបរយៈពេល៣ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៣៣៣៩,០៧ ប៊ីលានរៀល (ប្រមាណ៨៣៤,៧៧ លានដុល្លារអាមេរិក) ស្មើនឹង ៣៦,៤៨ភាគរយ នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ៣ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៩២,៦៥ ប៊ីលានរៀល (ប្រមាណជា ៧៣,១៦ លានដុល្លារអាមេរិក) ស្មើនឹង១២,៣៥ភាគរយ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងផ្តល់មូលវាចារណ៍យ៉ាងថ្លៃថ្លា ចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមីនា និងប្រចាំត្រីមាស ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចលើសផែនការ ឱ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន ក្នុងការប្រមូលចំណូលពន្ធ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការពង្រឹងអភិបាលកិច្ចល្អ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លើវិធានការ និងទិសដៅត្រូវអនុវត្តបន្ត៕

អត្ថបទដែលជាប់ទាក់ទង