ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ការផ្ទុះរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈមានមុខសញ្ញាកើតឡើងនៅខេត្តរតនគិរី

84

ភ្នំពេញ៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងសហការជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ មានចំនួន៣ក្រុម ចាត់វិធានការទប់ស្កាត់ការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈជំងឺ នេះ បានចម្លងទៅ សត្វ ជ្រូកក្នុងកសិដ្ឋាន ដែលនៅក្នុង ឃុំសោមធំ ស្រុកអូរយ៉ាវ ដាវ  ខេត្តរតនគីរី ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី 5 ខែមេសាឆ្នាំ 2019នេះ បានផ្សាយព័ត៌មាននៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងដោយបានបញ្ជាក់ប្រាប់ថា ចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មក ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងសហការជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ មានចំនួន៣ក្រុម ចាត់វិធានការទប់ស្កាត់ការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ ក្រុមទី១: អនុវត្តវិធានជីវសុវត្ថិភាព កំទេចនិងកប់សត្វមានជំងឺ ព្រមទាំងបាញ់ថ្នាំ។ ក្រុមទី២ៈ អន្តរាគមន៍ទប់ស្កាត់ចលនាសត្វចេញ ចូលក្នងតំបន់ផ្ទុះជំងឺក្នុងកាំរង្វង់៣គ.ម។ ក្រុមទី៣: ក្រុមអង្កេត (Surveilance) ត្រួតពិនិត្យក្នុងតំបន់និងតំបន់ក្បែរខាង ដើម្បីកំណត់រកពីវត្តមានរាលដាលនៃជំងឺ។
តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្ននេះ ពុំឃើញការរាលដាលនៃជំងឺនេះទេ។

បើតាមការផ្សាយរបស់គេហទំព័រសារពត៌មានមួយចំនួន នៅក្នុងស្រុកដែលបោះពុម្ពជាភាសាខ្មែរ បានលើកឡើងថា មានជ្រូក ៤០០ ក្បាល បាន ងាប់ និង ១០០ ក្បាលទៀត ត្រូវបានអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋាន សុខភាព និង ផលិតផលកម្មសត្វ ប្រមូលមកសម្លាប់ចោល ដោយសារ មាន ផ្ទុកជំងឺប៉េស្ត ជ្រូកអាហ្វ្រិកដែល ឆ្លងពីប្រទេសវៀតណាម ។  ជំងឺ នេះ បាន ចម្លងទៅសត្វជ្រូកក្នុងកសិដ្ឋាន ដែលនៅក្នុងឃុំសោមធំ ស្រុកអូរយ៉ាវដាវ  ខេត្តរតនគីរី កាលពី ថ្ងៃទី២២ ខែមីនា មកម្ល៉េះ ។

លោក តាន់ ផាន់ ណា រ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បាននិយាយថា មូលហេតុដែល នាំឲ្យមានជំងឺប៉េស្ត ជ្រូកអាហ្វ្រិកនេះ ដោយសារតែពលរដ្ឋខ្មែរដែលរស់នៅតំបន់ ឃុំសោមធំ ស្រុកអូរយ៉ាវដាវ  នោះបានដោះដូរ ទំនិញជ្រូកជាមួយភាគីវៀតណាម ទៅវិញទៅមកដែលជាហេតុធ្វើឲ្យជ្រូក នៅកម្ពុជាមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បើតាមលោក តាន់ ផាន់ណារ៉ា រហូតមកដល់ពេលនេះ ក្រុមការងាររបស់លោកកំពុងតែប្រមូលទិញជ្រូក ពីកសិករចិញ្ចឹមជ្រូក ដើម្បីសម្លាប់ចោល  ហើយក៏បានបាញ់ថ្នាំ សម្លាប់មេរោគដែលមាននៅ តំបន់នោះ ផងដែរ ដើម្បីទប់ស្កាត់ជំងឺ មិនឲ្យរាតត្បាតឆ្លងទៅតំបន់ផ្សេងៗទៀតឡើយ ។ 
 
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងលើកដំបូង នៅឆ្នាំ ១៩០៧ នៅ ប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ ទៅតាមបណ្តា ប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយជំងឺនេះបាន ផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០១៨ រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ។ បច្ចុប្បន្ន ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី 2 ខែមេសាឆ្នាំ 2019 លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចេញលិខិតមួយច្បាប់់ ដោយជម្រាបជូនដល់អភិបាលខេត្តរតនគិរី សំណើចាត់វិធានការទប់ស្កាត់ចលនាសត្វ ជ្រូក សាច់ជ្រូកនិងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខត្តរតនគិរី។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា យោងតាមលទ្ធផល នៃការវិភាគរបស់វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានរកឃើញវត្តមាន មេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីវត្ថុវិភាគឈាមជ្រូកចំនួន 5 របស់កសិដ្ឋានចិញ្ចឹមជ្រូកពូជអំបូរ ជាលក្ខណៈព្រលែង ពីភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ករណីនេះបញ្ជាក់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិច ជាលើកដំបូងនៅកម្ពុជា ដែលជំងឺនេះជាជំងឺកាចសាហាវ ហើយឆ្លងរាលដាលខ្លាំងមពីតំបន់មួយទៅតំបន់មួយដែលបណ្តាលឲ្យជ្រូកឈឺ និងមានអត្រាខ្ពស់រហូតដល់ 100% ដែលអាចបណ្តាលឲ្យមានការខាតបង់ចំពោះដល់អ្នកចិញ្ចឹមជ្រូក។

បើតាមលោករដ្ឋមន្រ្តី បានស្នើសុំឲ្យអភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្តល់កិច្ចសហការ ក្នុងការអនុវត្តវិធានការបច្ចេកទេសរបស់មន្រ្តីជំនាញ ក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វ ជ្រូក សាច់ជ្រូក និងផលិតផល មានដើមកំណើតចេញពី សក់ជ្រុះចេញពីតំបន់ផ្ទុះជំងឺឆ្លងទៅលើក្នុងរង្វង់កាំ ៣ម៉ែត្រ ដើម្បីអនុវត្តវិធានការបច្ចេកទេសបសុព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង