ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ លួច (មានស្ថានទម្ងន់ទោស)
(បន្ទាយមានជ័យ)៖
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះសំណាក់ហង្សមាសថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី លួច (មានស្ថានទម្ងន់ទោស) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿម ស៊ីណាត ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ឯម សុភិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានបន្លំខ្លួនចូលទៅក្នុងផ្ទះសំណាក់ ហើយលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះយកទៅបាត់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកម៉ូតូដែលលួចបានទៅធ្វើសោរដើម្បីជិះយកទៅលក់ ស្រាប់តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច (មានស្ថានទម្ងន់ទោស) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើការប្រគល់ជូនទៅជនរងគ្រោះវិញ ។