ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ ហឹង្សា និងចរាចរណ៍រូបីយប័ណ្ណក្លែងក្លាយ

98


(បន្ទាយមានជ័យ)៖
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សា និងចរាចរណ៍រូបីយប័ណ្ណក្លេងក្លាយ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទៅលំនៅស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ជា សុភ័ក្រ្ត ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បានហៅខ្លួនឲ្យឌុបពីកន្លែងមួយទៅកន្លែងមួយ ពេលទៅដល់ចំណុចត្រូវឈប់ ក៏បានឲ្យប្រាក់មកខ្លួន តែប្រាក់នោះជាប្រាក់ក្លែងក្លាយ ពេលនោះខ្លួនមិនសុខចិត្តក៏បានប្រកែកគ្នា តែជនសង្ស័យបានគម្រាម និងយកដែកឆាបបម្រុងចាក់មកលើខ្លួនទៀតផង ដោយខ្លួនមានការភ័យខ្លាចក៏ស្រែកឆោរឡោរហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំមកហើយ ទើបតែចេញពីពន្ធនាគារកាលខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះ ហើយពេលនោះខ្លួនបានប្រើប្រាស់គ្រឿងញៀនរហូតបែកគំនិតប្រព្រឹត្តរឿងផ្តេសផ្តាស ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សា និងចរាចរណ៍រូបីយប័ណ្ណក្លែងក្លាយ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង