ចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ដែលសហការជាមួយអង្គការសហគមន៍អភិរក្សសត្វព្រៃ ដែលបង្រ្កាបបទល្មើសព្រៃឈើ
ដោយមានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពោខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ដែលសហការជាមួយអង្គការសហគមន៍អភិរក្សសត្វព្រៃ (WCS) មានភូមិសាស្ត្រស្ថិតនៅឃុំស្រែខ្ទុម ឃុំស្រែព្រះ ឃុំរហ៊ូត ស្រុកកែវសីម៉ា ឃុំសែនមនោរម្យ ស្រុកអូរាំង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គោលដៅដែលត្រូវត្រួតពិនិត្យដូចជា ស្នាក់ការកែវសីម៉ា ស្នាក់ការអូរបាម ស្នាក់ការល្បាតអូរាំង ស្នាក់ការរការថ្មី ស្នាក់ការស្រែផ្លែង ស្នាក់ការពូគង់ ស្នាក់ការភ្នំសេវ៉ា ស្នាក់ការរហ៊ូត ស្នាក់ការចំបក់ និងស្នាក់ការពូត្រុំ។ កំឡុងពេលចុះត្រួតពិនិត្យ លោក ឧត្តមសេនីយ៍ទោ នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានពាំនាំនូវការនឹករលឹក ការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការប្រសិទ្ធិពរជ័យ ពីសំណាក់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយ នាយរងអាវុធហត្ថទាំងអស់ដែលកំពុងសហការបំពេញភារកិច្ចជាមួយអង្គការសហគមន៏អភិរក្សសត្វព្រៃ (WCS) ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។