សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន»បង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន
នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះ ជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្មែរ ហើយអគារសារមន្ទីរជាអគារដែលស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធាជាដើម៕