ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ព្រមានដេញ ផែង វណ្ណៈ និង ខ័ណ្ឌ ច័ន្ទសុផល ចេញក្របខ័ណ្ឌយោធា រឿងអាស្រូវរវាងព្រះសង្ឃ និងនារីម្នាក់ស៊ីពោត

259

កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នាព្រឹកនេះថា បើ ផែង វណ្ណៈ និង ខ័ណ្ឌ ច័ន្ទសុផល នៅតែចង់ល្បី ដោយនៅតែបង្កបញ្ហា ជាបន្តបន្ទាប់ ជាពិសេសរឿងស៊ីពោត ដែលកើតចេញ ពីលោកសង្ឃមួយអង្គ និងស្រ្តីវ័យក្មេង នៅតាមហ្វេសប៊ុកទៀត នឹងដកចេញពីក្របខ័ណ្ឌយោធា ឱ្យទៅធ្វើការជាមួយក្រុមហ៊ុន ហ្វេសបុក តែម្តង។

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់រឿងអាស្រូវ រវាងព្រះសង្ឃ និងនារីម្នាក់ នៅបន្ទាយមានជ័យ រឿងពោត ដែលជាការជាន់ឈ្លី តម្លៃព្រះពុទ្ធសាសនា។ នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោត ដែលកំពុងកក្រើកពេញបណ្តាញ Facebook កក្រើកមេឃ រញ្ជូនដី ហើយ ផែង វណ្ណៈ និង ខ័ណ្ឌ ច័ន្ទសុផល នៅតែចង់តតាំងរឿងនេះទៀតនោះ មិនថាលោកឯកពាក់ស័ក្តិ ពាក់ផ្កាយ ឬពាក់ព្រះខែ ក៏អាចដកនិងបញ្ចេញចេញ ពីយោធា ដើម្បីឲ្យវាបញ្ចប់រឿងនេះ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា “រឿងមិនចេះចប់ សូម្បីតែយប់មិញនេះ ខ្ញុំក៏បានមើល ហើយខ្ញុំយកឱកាសពីទីនេះ ខ្ញុំសូមអំពាវនាវដល់រឿងនៅបន្ទាយមានជ័យ រឿងដែលកើតឡើងដោយពោតស្ងោ ។ ខ្ញុំសូមឲ្យបញ្ចប់រឿងនេះ បានទេ ដើម្បីការពារ នូវតម្លៃនៃព្រះពុទ្ធសាសនា និងការពារនូវតម្លៃរបស់ស្រ្តីខ្មែរ ។ រឿងមានតែមនុស្ស២នាក់សោះ ទៅបង្កើតរញ្ជូយមេឃ រញ្ជូយផែនដី ធ្វើឲ្យពោតឡើងថ្លៃ ធ្វើឲ្យពោតចុះថ្លៃ។ រឿងនេះជារឿងមិនសមហេតុផលទាល់តែសោះ ។ យប់មិញខ្ញុំតាមមើលតទៅទៀត ហើយរឿងនេះក៏មិនមែនចាប់ផ្តើមពីនរណានោះទេ គឺនិយាយដោយត្រងៗទៅ អ្នកដែលពូកែបង្កើតរឿង គឺផែង វណ្ណៈនោះ គឺទី១ ។ និយាយឲ្យចំទៅ អាហ្នឹងទៅសម្ភាសន៍ខាងលោក ។ ផែង វណ្ណៈ ល្មមបានហើយ ឯទី២ គឺ ខ័ណ្ឌ ច័ន្ទសុផល ទៅសម្ភាសន៍ខាងស្រី ។ វាមិនខុសពីការចាប់សង្អាប្រជល់គ្នានោះទេ ហើយបង្កើតរឿងទៅណាទៀតហើយ ហើយពីរនាក់នេះ ជាមន្រ្តីយោធាបើអស់លោកបន្តធ្វើរឿងរបៀបនេះ អស់លោកមិនខំរម្ងាប់អធិករទេ ហើយរឿងមនុស្សពីរនាក់ ធ្វើឲ្យកក្រើកមេឃ រញ្ជូយផែនដី តែវាមានផលចំណេញអ្វីទៅ ។ ខាងព្រះសង្ឃក៏ត្រូវទទួលវិន័យរួចទៅហើយ ឯខាងស្រ្តីក៏ទទួលភាពអាម៉ាស់ច្រើនណាស់ទៅហើយ តើខ្ញុំអាចសុំបានទេ អស់លោកអ្នកហ្វេសប៊ុកទាំងឡាយ។ បង្ករឿងដល់ណាទៀត ហើយបើតាមដឹង ខាន់ ចាន់សុផល និងផែន វណ្ណៈនេះអ្នកលេងហ្វេសប៊ុកដូចគ្នា ប៉ុន្តែអត់ត្រូវគ្នាទេ មួយ ផែង វណ្ណៈ ទៅសម្ភាសន៍លោកសង្ឃ ។ ដល់នាងនោះទប់ចិត្តមិនបាន ក៏បង្ហោះទាំងអស់ ទាំងសារសំឡេងទាំងអ្វីៗទាំងអស់ហែកចេញមួយរឿងទៅ ហើយខាន់ ចាន់សុផល បានឃើញរឿងនេះដូចជាស្រួល ទៅបញ្ឆេះខាងស្រីមួយរឿងទៀតទៅ ហើយមកបង្កើតវគ្គទី១ វគ្គទី២ បន្តទៀត ។ បើយ៉ាងដូច្នេះ តើដំណើរជាតិយើងវាទៅជាយ៉ាងម៉េច ហើយព្រះពុទ្ធសាសនា មិនគួរអាប់ឱនបៀបនេះទេ ចំពោះការប្រព្រឹត្តមិនគប្បីចំពោះសង្ឃមួយអង្គ ឬពីរអង្គនោះទេ ហើយស្រ្តីក៏មិនត្រូវបង្ខូចកិត្តិយស ដោយសារទង្វើខុសឆ្គងរបស់ស្រ្តីម្នាក់នោះទេ ។ តើខ្ញុំអាចសុំបានទេពីមន្រ្តីយោធាទាំងពីររូបនេះបានទេ បើសុំមិនបាន នៅមានជម្រើសសេសសល់ មានតែដេញចេញពីជួរ ឲ្យទៅធ្វើអ្នកហ្វេសប៊ុកតែម្តងទៅ កុំឲ្យវានៅក្នុងកងទ័ព នាំតែចង្រៃទ័ពតទៅទៀត ។ បើនិយាយពីផែង វណ្ណៈនោះ អាជ្ញាធរខេត្តសៀមរាបគេធំប៉ុនមេឃប៉ុនដី ឯងទៅចេះរឿងប្លង់ដីឯណាណោះវិញ ម៉េច ផែង វណ្ណៈ ចង់ល្បីខ្លាំង មកដើរដោះស្រាយរឿងអ្វី ម៉េចចង់មកធ្វើជាប៉ាវចិន ចង់ដោះស្រាយដីធ្លី។ សម្តេចតេជោ បានបញ្ជាក់ថា អាទាហានពីរនាក់នេះ អត់មានការងារធ្វើ ឬយ៉ាងម៉េច ? អាពីរនាក់នេះ វាពាក់ស័ក្តិប៉ុន្មាន? ហើយសួរទៅទា បាញ់ គឺទៀ បាញ់ នៅខេត្តសៀមរាប។ ខ្ញុំថាទាហាន ទៀ បាញ់ ឯតើ ទៀ បាញ់ថា ខ្ញុំអត់ដឹងផង ហើយមកសួរ ឆៃ ស៊ីណារិទ្ធ។ ឆៃ ស៊ីណារិទ្ធថា ដូរទៅអគ្គមេបញ្ជាការ ហើយឆៃ ស៊ីណារិទ្ធ បាញ់រូបមកឲ្យខ្ញុំមើល គឺផែង វណ្ណៈ និង ខ័ណ្ឌ ច័ន្ទសុផល នៅក្នុងកងទ័ពមែន អីចឹងទេ បើអស់លោកលែងអីចឹងៗ រឿងមនុស្សតែពីរនាក់សោះ ។ គ្នាបានជាអីចឹងទៅហើយ គួរអាណិតគ្នាផងបានទេ ។ មនុស្សណាដែលមិនប្រព្រឹត្តខុសនោះ គឺគ្រាន់តែទុកពេលវេលា ឲ្យគ្នាធ្វើការកែប្រែទៅបានហើយ ហើយពួកគាត់ចង់ចាញ់ចង់ឈ្នះ គឺឲ្យពួកគាត់តែពីរនាក់នោះទៅ កុំយើងទៅបង្ហោះរឿងបន្ថែមទៀត ចំណែកអ្នកបញ្ចេញមតិជាសិទ្ធិនៃអ្នកបកស្រាយ ប៉ុន្តែមិនសមមន្រ្តីយោធារបស់ឯងនេះ ទៅចាប់សង្អាប្រជល់គ្នា។ ថាគ្នាវាខុសទៅហើយ ឯងនេះទៅដណ្តើមខុសដែរ អីចឹងទេ គួរតែដាក់ទោសអាពីរនាក់ហ្វេសប៊ុកនេះតែម្តង និងសូមឲ្យបងប្អូនហ្វេសប៊ុកស្ងប់បានទេ ហើយបើរឿងដល់ថ្នាក់ក្តីក្តាំឡើងតុលាការ ជារឿងរបស់គេទៅ “។សម្តេចតេជោ បានបន្ថែមថា “រឿងនេះ បាននាយករដ្ឋមន្រ្តី លើកយកនិយាយកាន់តែល្បីថែមទៀត ប៉ុន្តែលោកឯងត្រូវចាំថា លោកល្បីមានន័យបែបម៉េច បើលោកឯងនៅតែបន្តរឿងទៀត ស្រាប់តែខាងយោធាថាលោកឯង មិនគ្រប់លក្ខណៈសម្បត្តិនៅក្នុងកងទ័ព ត្រូវបានគេបណ្តេញចោល គឺវាចប់រឿង ហើយដំណើរជីវិត របស់យើងត្រូវចប់ត្រឹមហ្នឹង ។ កុំថាឡើយស័ក្តិប៉ុណ្ណឹង សូម្បីតែលោកខែក៏បានដកបានដែរកុំខ្ងល់ពេក ។ លោកឯងសាកល្បងលមើល មិនថាពាក់ស័ក្តិ ពាក់ផ្កាយ ពាក់លោកខែក៏បានដែរ ពីព្រោះអ្នកដែលស្នើតែងតាំងគឺនាយករដ្ឋមន្រ្តីនោះឯង ហើយបើនាយករដ្ឋមន្រ្តីស្នើដកនោះ គឺដកបានហើយហើយរដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ចេញចោលតែម្តង ដើម្បីបញ្ចប់រឿង”។
ឪពុកស្ដីប្រដៅកូនជារឿងធម្មតាបន្ទាប់ពីទទួលបានការស្តីបន្ទោសពីសម្តេចតេជោ លោកផែង វណ្ណៈ តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ថា “ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គង ដោយអចេតនា អំពីករណីលោក ស្រិល វណ្ណា និង ករណីផ្សារផល្លាររាត្រីអង្គរ៥ ខេត្តសៀមរាប ។ ខ្ញុំបាទសូមគាំទ្រ និងទទួលយកទាំងស្រុង ចំពោះមតិណែនាំ ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែនដោយខ្ញុំបាទនឹងមិនបន្តការផ្សាយ អំពីរឿងទាំង២នេះ តទៅទៀតទេ”។ ចំណែក លោកខ័ណ្ឌ ច័ន្ទសុផល បានបញ្ជាក់ផងដែរថា ខ្ញុំបាទខ័ណ្ឌ ច័ន្ទសុផល សូមគោរព និងថ្លែងអំណរគុណ ដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់សម្រាប់រូបខ្ញុំបាទ ក្នុងការងារ ប៉ះពាល់ក្នុងរឿង តម្លៃព្រះពុទ្ធសាសនា ។ ខ្ញុំបាទសូមសន្យាថា និង ឈប់ពីពេលនេះតទៅក្នុងការនិយាយអ្វីឲ្យប៉ះពាល់តម្លៃ នៃព្រះពុទ្ធសាសនា របស់ជាតិយើងទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង